Ferdinand លើកឡើងពីការផ្ទេររបស់ Messi និង Ronaldo
វីរបុរសក្រុម Manchester United លោក Rio Ferdinand បាននិយាយអំពីការផ្ទេររបស់ Cristiano Ronaldo ទៅកាន់ Saudi Pro League និង Lionel Messi ទៅកាន់ MLS ។
ជាការពិតណាស់ លោក Ferdinand ត្រូវបានស្នើឲ្យចែករំលែកការគិតរបស់លោកលើការកើនឡើង នៃកីឡាករលំដាប់ពិភពលោកដែលចូលរួមលីគកំពូល SPL ក្រៅតែពី Ronaldo ក៏មានកីឡាករដូចជា Karim Benzema, N’Golo Kante, Jordan Henderson, Roberto Firmino, Fabinho, Riyad Mahrez, Kalidou Koulibly, Ruben Neves និង Sadio Mane បានចូលរួមជាមួយលីគមជ្ឈិមបូព៌ានេះដែរ។
ក្នុងនោះដែលលោក Ferdinand គិតថាកីឡាករកំពូលៗដែលបានផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីត ពួកគេទទួលបានអនាគតគ្រួសាររបស់ពួកគេកាន់តែល្អជាមួយនឹងប្រាក់ពលកម្មយ៉ាងខ្ពស់ ខ្សែការពារជើងចាស់រូបនេះបានបន្ថែមថា លោកនឹងធ្វើការផ្លាស់ប្តូរទៅកាន់ SPL ផងដែរប្រសិនបើលោកនៅបន្តអាជីព។
Ferdinand៖ “សូមមើលពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រដែល Messi ទៅអាមេរិក ហើយ Ronaldo ទៅអារ៉ាប៊ីសាអូឌីត ជាក់ស្ដែងពេលកីឡាកររូបណាទៅលេងនៅអាមេរិក អ្នកសួរសុខទុក្ខគាត់ ប៉ុន្តែពេលកីឡាកររូបណាទៅលេងនៅអារ៉ាប៊ីសាអូឌីត គាត់ត្រូវបានគេវាយប្រហារទៅវិញ តើអ្នកចង់ប្រាប់ខ្ញុំថាអាមេរិកជាប្រទេសដ៏ល្អឥតខ្ចោះឬ? “ប្រសិនបើខ្ញុំមិនបានចូលនិវត្តន៍ទេ ខ្ញុំនឹងទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយមិនគិត និងដោយគ្មានការសង្ស័យឡើយ។”
គួរបញ្ជាក់ថា Ronaldo បានចូលរួមជាមួយក្លិប Al-Nassr ក្នុងនាមជាកីឡាករឥតគិតថ្លៃនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ទន្ទឹមនឹងនេះដែរ Lionel Messi ក៏បានចូលរួមជាមួយក្លិប Inter Miami របស់ MLS ក្នុងនាមជាកីឡាករឥតគិតថ្លៃផងដែរបន្ទាប់ពីផុតកំណត់នៃកិច្ចសន្យាជាមួយ Paris Saint-Germain ៕ ប្រភព៖ sportskeeda