មកដឹងប្រវត្តិខ្លះៗពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោយការចាកចេញពីតំណែងនៅថ្ងៃនេះ (មានវីដេអូ)
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយ របស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខណៈភារកិច្ចដ៏ធំមួយនេះ ត្រូវបានកាន់កាប់តាំងពីឆ្នាំ២០០៤ មកម្លេះ ដែលមានរយៈពេល ជិត២០ឆ្នាំ ឬស្មើ ៤អាណត្តិជាប់ៗគ្នា ក្រោមការដឹកនាំដ៏មានភាពប៉ិនប្រសប និងទទួលបានការគោរពស្រលាញ់ពីមន្ត្រីថ្នាក់ក្រោមថា ជាមេដ៏មានគុណធម៌ខ្ពស់ផងដែរ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Wikipedia ជាភាសាអង់គ្លេសបានឲ្យដឹងថា ឯកឧត្តម ខៀវ កាញ៉ារិទ្ធ កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៥១ និងនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឯកឧត្តមមានវ័យ ៧២ ឆ្នាំគត់តែម្ដង នេះបើបូកកាលបរិច្ចេទកំណើតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។
ប្រភពខាងលើបានឲ្យដឹងដែរថា កាលពីកុមារភាព កុមារ ខៀវ កាញ៉ារិទ្ធ បានចូលសិក្សានៅសាលាបឋមសិក្សា ពៅ អ៊ុំ អំឡុងឆ្នាំ ១៩៥៩ ដល់ ១៩៦០ និងក្រោយមកចូលរៀននៅវិទ្យាល័យឥន្ទ្រទេវី នៅអំឡុងឆ្នាំ១៩៦១ ដល់ ១៩៦៩ លុះឆ្នាំ ១៩៧០ ដល់ ១៩៧៥ យុវជន ខៀវ កាញ៉ារិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ និងបានសិក្សាជំនាញការទូតនៅក្នុងអំឡុងឆ្នាំ ១៩៧៣ ដល់ ១៩៧៥ ពីសាលារដ្ឋបាលជាតិផងផងដែរ។
ចំពោះប្រវត្តិការងារ
ឆ្នាំ១៩៧៩-១៩៩០ ជានិពន្ធនាយក កាសែត កម្ពុជាចុងសប្តាហ៍ (Kampuchea Weekly)
ឆ្នាំ១៩៨៥-១៩៩០ ជាអនុប្រធានសមាគមអ្នកកាសែតកម្ពុជា (Cambodia’s Journalist Association)
ឆ្នាំ១៩៩០-១៩៩១ ជានិពន្ធនាយក នៃសារព័ត៌មាន Solidarity Monthly Review
ចំពោះកិច្ចការនយោបាយ ឯកឧត្តមបានប្រឡូកចូលធ្វើជាសមាជិករដ្ឋសភានៅឆ្នាំ ១៩៨១-២០០៤
១៩៩២-១៩៩៣ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
១៩៩៣-១៩៩៤ ធ្លាប់ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន១ឆ្នាំ
១៩៩៤-២០០៤ ជារដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងចាំពីឆ្នាំ ២០០៤ ដល់បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានដឹកនាំក្រសួងមួយនេះ អស់រយៈពេល ៤អាណត្តិជាប់គ្នាតែម្ដង ហើយថ្ងៃ១៨ ខែសីហា ឆ្នាំ ២០២៣ នេះជាថ្ងៃចុងក្រោយរបស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ដែលបានលាឈប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទុកឱកាសឲ្យ រដ្ឋមន្ត្រីថ្មី នឹងចូលកាន់តំណែងនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលថ្មីចូលដឹកនាំប្រទេស សម្រាប់នីតិកាលរដ្ឋសភាទី៧នេះ។
គួររំឭកថា ឯកឧត្តម ខៀវ កាញ៉ារិទ្ធ មានកូនស្រីតែម្នាក់គត់ ឈ្មោះ ខៀវ ទេពសត្យា ដែលកើតចេញពី ចំណងអាពាហ៍ពិពាហ៍ជាមួយលោក ជំទាវ ទេព រង្សី។ ឯកឧត្តម និងលោកជំទាវ មិនត្រឹមតែជាថ្នាក់ដឹកនាំដែលមានគុណធម៌នោះទេ ថែមទាំងជាមហាឧបាសក និងមហាឧបាសិកា ជាពុទ្ធសាសនូបត្ថម្ភ នៅក្នុងសកម្មភាពចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនាកម្ពុជានាពេលកន្លងមកផងដែរ៕