អីយ៉ាស់តិចវាសនាដូច Greenwood! Antony កំពុងប្រឈមមុខនឹងផ្លូវច្បាប់ពាក់ព័ន្ធករណីអំពើហិង្សា

តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Antony Santos ត្រូវបានគេរាយការណ៍ថានឹងប្រឈមមុខនឹងការចោទប្រកាន់អំពី អំពើហិង្សាក្នុងគ្រួសារ លើអតីតភរិយារបស់គេដែលលើកនេះធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស។

យោងតាមការចេញផ្សាយរបស់ការសែតប្រេស៊ីល UOL បានឲ្យថា អ្នកតំណាងផ្លូវច្បាប់របស់អ្នកនាង Gabriela Cavallin ដែលជាឌីជេ និងជាអតីតប្រពន្ធរបស់ខ្សែប្រយុទ្ធ Antony កំពុងរៀបចំដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីសលើរូបគេនៅក្នុងប្រទេសអង់គ្លេស ដោយនាងបានរងនៅការបំពាននិងគំរាមកំហែងនៅក្នុងទីក្រុង Manchester បើតាមរបាយការណ៍ដដែលបានលើកឡើងទៀតថា គេឃើញមានភស្តុតាងរៀបជាឯកសារជាង ៧០ ទំព័រក្នុងពាក្យបណ្ដឹងនោះ។

តាមការស្រង់សំដីរបស់មេធាវី Cavallin គឺអ្នកស្រី Vanessa Souza បាននិយាយថា៖ “Antony អាចប្រឈមមុខនឹងបទល្មើសដូចជា ការផ្ញើសារគំរាមកំហែង ការបង្ខាំងមនុស្សនៅក្នុងផ្ទះ និងអំពើហឹង្សាក្នុងគ្រួសារ ខ្ញុំត្រូវបានទាក់ទងតាមរយៈមេធាវីរបស់ Gabriela នៅក្នុងប្រទេសប្រេស៊ីល ដើម្បីតំណាងឲ្យនាងជាមួយព្រះរាជអាជ្ញាក្នុងប្រទេសអង់គ្លេស និងប៉ូលីសនៅទីក្រុង Manchester” ។

គួរបញ្ជាក់ថា Gabriela Cavallin ក៏ធ្លាប់បានប្ដឹងទៅលើ Antony ម្ដងរួចមកហើយនៅក្នុងប្រទេសប្រេស៊ីហើយបច្ចុប្បន្ននេះរូបគេក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងប្រទេសប្រេស៊ីលផងដែរ៕ ប្រភព៖ dailymail

អត្ថបទដែលជាប់ទាក់ទង