ក្រោយរងបរាជ័យកាលពីយប់មិញ Bruno បានរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាកណ្ដាល
ប្រធានក្រុម Manchester United ខ្សែបម្រើ Bruno Fernandes បានរិះគន់មន្ត្រីអាជ្ញាកណ្ដាលក្នុងការប្រកួតចំពោះការសម្រេចចិត្តមិនពិនិត្យ VAR ទល់នឹងក្រុម Tottenham Hotspur ។
នៅនាទីទី ២៦ នៃការប្រកួតជាមួយក្រុមមាន់ខ្នាយមាស បន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Alejandro Garnacho ពីខាងក្នុងប្រអប់បានប៉ះដៃរបស់កីឡាករ Cristian Romero ពេលនោះអាជ្ញាកណ្តាលលោក Michael Oliver ក៏មិនបានពិន័យទៅលើក្រុមភ្ញៀវដែល ខណៈ VAR ពិនិត្យឃើញយ៉ាងច្បាស់។
យ៉ាងណា Bruno ដែលជាប្រធានក្រុមបិសាចក្រហមបានខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការប្រកួតនេះក្នុងការដែលមិនបានទទួលបាល់ប៉េណាល់ទី ខណៈដែលរូបគេបានស្នើមន្ត្រី VAR គួរតែធ្វើការសម្ភាសន៍ក្រោយចប់ការប្រកួតដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ពួកគេអំឡុងពេលប្រកួត។
ក្រោយចប់ការប្រកួត Bruno Fernandes លើកឡើងថា៖ “យើងត្រូវតែសួរពួកគេ ហើយពួកគេត្រូវ ធ្វើបទសម្ភាសបន្ទាប់ពីចប់ការប្រកួតដើម្បីឲ្យពួកគេពន្យល់បញ្ហានេះ វាជាការពិន័យយ៉ាងច្បាស់ណាស់ គ្មានលេសមើលមិនឃើញនោះទេ គ្មានលេសថា VAR មើលមិនឃើញឡើយ កាលពីសប្តាហ៍មុនពួកគេបានធ្វើរឿងធំមួយលើក្រុម Man Utd ដោយមិនមានបាល់ប៉េណាល់ទី ខ្ញុំចង់ឃើញអ្វីដែលនឹងកើតឡើងនៅសប្តាហ៍នេះប្រសិនបើវានឹងកើតឡើងដូចដែលពួកគេបានធ្វើកាលពីសប្តាហ៍មុន ខ្ញុំចង់ចាំមើលថាតើ Jon Moss មកសុំទោសដល់បន្ទប់ផ្លាស់សំលៀកបំពាក់របស់យើង ដូចដែលពួកគេបានធ្វើចំពោះអ្នកគ្រប់គ្រងរបស់ Wolves ដែរ ខ្ញុំសង្ឃឹមថាគាត់អាចមក”។
គួរបញ្ជាក់ថា Manchester United ត្រូវបានចាញ់ក្រោមថ្វីជើងរបស់ក្រុម Tottenham Hotspur ដោយលទ្ធផល ០-២ សម្រាប់ការប្រកួតលើកទីពីរក្នុងការប្រកួតក្របខណ្ឌ Premier League ៕ប្រភព៖ goal