ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញចេញមុខសុំទោសក្រោយពីបានថើបកីឡាការិនីរបស់ខ្លួន
ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បានចេញមុខសុំទោស ចំពោះអាកប្បកិរិយាដែលខ្លួនបានធ្វើទៅលើខ្សែប្រយុទ្ធ Jennifer Hermoso ដោយបានឱប និងថើបអំឡុងពេលប្រគល់មេដាយនៃពានរង្វាន់ FIFA Women’s World Cup ២០២៣។
ជាការពិតណាស់ វីដេអូមួយត្រូវបានចែកចាយក្នុងបណ្ដាញសង្គម ក្នុងពេលដែលកីឡាការិនី Hermoso បានទៅទទួលការបំពាក់មេដាយ បន្ទាប់យកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេស ដោយលទ្ធផល ១-០ ជាមួយគ្នានោះលោក Rubiales បានធ្វើសកម្មភាពឱប និងបានថើបមកលើរូបនាង ដែលធ្វើឲ្យមានមតិជាច្រើនបានរិះគន់មកលើលោក Rubiales ថា នេះជារឿងមិនសមរម្យ។
យ៉ាងណាកាលពីពេលពីម្សិលមិញនេះ លោកក៏បានធ្វើការសុំទោសដោយលើកឡើងថា៖ “ខ្ញុំខុសទាំងស្រុង ខ្ញុំទទួលស្គាល់ ប៉ុន្តែខ្ញុំគ្មានចេតនាអាក្រក់ទេ នៅពេលដែលមានអារម្មណ៍រំភើបចិត្តខ្លាំងនៅពេលនោះ ដែលនេះវាជាធម្មជាតិ ប៉ុន្តែនៅខាងក្រៅវិញវាហាក់មានភាពចលាចលជាខ្លាំង ហើយខ្ញុំត្រូវតែសុំទោស និងរៀនពីរឿងនេះ ហើយយល់ថា នៅពេលអ្នកធ្វើប្រធាន អ្នកត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត”។
ជាក់ស្ដែងចំពោះ Hermoso វិញត្រូវបានគេសាកសួរអំពីពេលដែលកើតហេតុការណ៍នេះឡើងដែលនាងបាននិយាយយ៉ាងខ្លីថា៖”ខ្ញុំមិនរីករាយទេ”។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងនៅពេលចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA Women’s World Cup ២០២៣ ដោយក្រុងជម្រើសជាតិអេស៉្បាញយកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផល ១-០៕ ប្រភព៖ skysports