កម្មវិធីនយោបាយអាទិភាពចំនួន ៦ ដែលត្រូវដាក់ឲ្យអនុវត្តភ្លាមក្នុងឆ្នាំនេះ និង ការធានា ៥ ចំណុចសំខាន់ៗ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវគ្រងដំណែងនៅថ្ងៃនេះ
រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវនឹងឡើងកាន់ដំណែងចាប់ពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ តទៅ បានដាក់ចេញនូវកម្មវិធីនយោបាយ ជាអាទិភាពចំនួន ៦ ចំណុច ដែលត្រូវចាប់ផ្តើមអនុវត្តភ្លាមៗ នៅក្នុងឆ្នាំ២០២៣ នេះ រួមមាន៖
១. ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស;
៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន;
៤. ការដាក់ចេញ និង ការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ;
៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទី ជនបទ ។
ក្នុងនោះដែរ រាជរដ្ឋាភិបាលថ្មី បានធ្វើការធានានូវ ៥ចំណុចធំៗ ចំពោះមុខរដ្ឋសភា និងជនរួមជាតិ សម្រាប់ការដឹកនាំបន្តវេនក្នុងអាណត្តទី៧នេះ រួមមាន៖
ទី១-ការធានាការពារឲ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិ- ភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ព្រម ទាំងការការពារឯករាជ្យ, អធិបតេយ្យ, និង បូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល មិនឱ្យ កម្លាំងណាមកបំពាន ឬ បំផ្លាញ បានឡើយ ។
ទី២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោត អាទិភាពលើ: ការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាព ខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និង ការ ពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និង ការលើកកម្ពស់គុណភាពសេវា- សាធារណៈ; ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និង ទ្រទ្រង់ ដល់កំណើនខ្ពស់ ប្រកបដោយចីរភាព បរិយាប័ន្ន និង សមធម៌; ការបន្តផ្តល់អាទិភាពខ្ពស់ ទៅ លើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និង វិស័យសុខា- ភិបាល; ការលើកកម្ពស់ និង ការបង្កើនការវិនិយោគ, ទាំងការវិនិយោគសាធារណៈ ទាំងការ វិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា, ទាំងផ្នែករឹង ទាំងផ្នែកទន់, ដើម្បី បង្កើនភាពទាក់ទាញ និង គាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ ផ្នែករបស់ប្រជាជន; ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូត- លាស់; ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និង វិស័យឯកជន; ការបង្កើនភាពស៊ីជម្រៅ និង ការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និង ការកែលម្អក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និង ការវិនិយោគ; និង ការជំរុញធ្វើ បរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និង សេដ្ឋកិច្ច ។ល។
ទី៣-ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការ ផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និង ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិត- កម្ម និង ការរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និង ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និង ការ ការពារអាជីព ជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និង អតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និង ប្រព័ន្ធលើកទឹកចិត្ត ក្នុងវិស័យសាធារណៈ ឱ្យកាន់តែមាន ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យសំដៅលើកកម្ពស់ ផលិតភាពការងារ, សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើន សេដ្ឋកិច្ច និង លទ្ធភាពនៃថវិកាជាតិ ។ល។
ទី៤-ការធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនា បច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួម បញ្ចូលនូវ របបជំនួយសង្គម និង របបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារ ងាយរងហានិភ័យ, ពីគ្រោះអាសន្ន និង វិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។
ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃប្រជាសាស្ត្រ របស់កម្ពុជា; ការលើកកម្ពស់ សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព; ការខិតខំបង្កើនហិរញ្ញប្ប-ទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង សេដ្ឋកិច្ចបៃតង; ការជំរុញការវិនិយោគ សាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និង មានការបញ្ចេញកាបូនទាប; និង ការធានា ចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ ។
ក្នុងពិធីថ្លែងសុន្ទរកថា លើកដំបូង ចំពោះមុខរដ្ឋសភាជាតិនេះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិថ្មីនេះ ក៏បានអំពាវនាវដល់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុង និងក្រៅប្រទេស មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ តាមបណ្តាក្រសួង ស្ថាប័ននានា និងអង្គនីតិប្បញ្ញប្តិ អង្គនីតិប្រតិបត្តិ អង្គតុលាការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និង ស្ថាប័នថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូ និងតួអង្គអភិវឌ្ឍទាំងអស់ ដែលក្នុងនោះរួមមាន ដៃគូទ្វេភាគី និងពហុយភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល មេត្តាផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្ម នូវកម្មវនយោបាយនេះ ឲ្យទៅជាចលនារូបរួមដ៏ខ្លាំងក្លា ប្រកបដោយជវភាព សំដៅដល់សម្រេចឲ្យបានជោគជ័យជាផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជាផងដែរ៕