របួសរបស់ Mount កំពុងតែមានភាពស្មុគស្មាញដល់ការផ្ទេររបស់ Man United ជាខ្លាំង
របួសរបស់ខ្សែបម្រើ Mason Mount បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ផែនការផ្ទេររបស់ក្លិប Manchester United ។
បើយោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយថា Mount នឹងត្រូវអវត្តមានរយៈពេល ៤ ទៅ ៦ សប្តាហ៍បន្ទាប់ ដោយការអវត្តមានរបស់រូបគេនេះទំនងជាមានផលប៉ះពាល់លើអនាគតរបស់ Scott McTominay ដែលបច្ចុប្បន្នកំពុងស្នាក់នៅ Man United ។
ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសត្រូវបានប្តូរចេញនៅចុងបញ្ចប់នៃការប្រកួតជាមួយក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ជាមួយនឹងរបួសសរសៃពួរ ហើយត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា Mount នឹងអវត្តមានរហូតដល់ចុងខែកញ្ញា។
យ៉ាងណាមិញ ចំពោះគ្រូបង្វឹកលោក Erik Ten Hag កំពុងតែពិចារណាទៅលើអនាគតរបស់ Scott McTominay ព្រោះថាមិនទាន់មានកីឡាកររូបណាដែលអាចមកជំនួស Mount បាននៅឡើយទេពេលនេះ ជាក់ស្ដែង Kobbie Mainoo ក៏កំពុងរងរបួសកជើង ចំណែក Fred បានផ្លាស់ទៅកាន់ក្លិប Fenerbahce ហើយបច្ចុប្បន្ននេះ Scott ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិបជាច្រើនដូចជា Newcastle, West Ham និង Inter Milan នៅរដូវក្តៅនេះ ដូច្នេះហើយ ថាតើលោក Ten Hag រក្សា Scott McTominay ឬយ៉ាងណា?៕ ប្រភព៖ sportbible