គួរឲ្យអនិច្ចា! ទីជម្រករបស់កូនៗ តើឲ្យគ្នាទៅនៅឯណា បើឪពុកម្ដាយលែងលះគ្នា ពុះផ្ទះចែកគ្នាបែបនេះ?
ខេត្តកំពង់ធំ៖ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានប្តីប្រពន្ធមួយគូបានព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្តរៀងៗខ្លួន តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺពួកគេបានព្រមព្រាងចែកទ្រព្យសម្បត្តិផ្សេងៗរួចរាល់អស់ហើយ ដោយឡែកចំពោះផ្ទះវិញ ពួកគេមិនព្រមប្រគល់ឱ្យទៅភាគីខាងណាម្នាក់ជាអ្នកគ្រប់គ្រងនោះទេ ហើយក៏មិនព្រមចុះចាញ់រៀងខ្លួនៗ ចុងក្រោយក៏សម្រេចចិត្តពុះផ្ទះនោះជាពីរចំណែកចែកគ្នាបញ្ចប់រឿង។
យោងតាមកាសែតកោះសន្តិភាពចុះផ្សាយនៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានដឲ្យដឹងថា មានករណី ប្តីប្រពន្ធមួយគូបានលែងលះគ្នា និងសម្រេចចិត្ត ពុះផ្ទះជាពីរចែកគ្នាតែម្ដង ក្រោយបែងចែកទ្រព្យនេះមិនដាច់ និងមិនព្រមចុះចេញរៀងខ្លួន និងបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចជិតផ្សារសំអាងរីករាយ ស្ថិតនៅអូរកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពខាងលើនេះបានឲ្យដឹងដែរថា ពាក់ព័ន្ធនឹងរឿងរ៉ាវប្តីប្រពន្ធពុះផ្ទះចែកគ្នានេះ លោក គឿន ជាមេឃុំបឹងល្វា បានប្រាប់ថា ប្តីប្រពន្ធមួយគូដែលមានបញ្ហាលែងលះគ្នាខាងលើ ប្តីឈ្មោះ ចេវ ចិន្តា អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ប៊ុន សុវែន អាយុ៣៨ឆ្នាំ មានកូននៅក្នុងបន្ទុកគ្រួសារ ២នាក់ (ប្រុស ១នាក់ ស្រី១នាក់) កូនស្រីច្បងអាយុ ១៧ឆ្នាំ និងកូនប្រុសពៅអាយុ១៣ឆ្នាំ។
លោកមេឃុំបានបន្តថា រឿងរ៉ាវប្តីប្រពន្ធមួយគូនេះបានព្រមព្រាងលែងលះគ្នាដោយស្ម័គ្រចិត្តរៀងៗខ្លួនរួច ហើយក៏បានព្រមព្រៀងចែកទ្រព្យសម្បត្តិផ្សេងៗរួចរាល់អស់ហើយដែរ លើកលែងតែផ្ទះពួកគេមិនព្រមប្រគល់ឲ្យទៅភាគីខាងណាម្នាក់ជាអ្នកគ្រប់គ្រងឡើយ និយាយរួមទៅ ភាគីទាំងពីរមិនព្រមចាញ់រៀងខ្លួនៗ ទើបចុងក្រោយក៏សម្រេចចិត្តពុះផ្ទះជាពីរចែកគ្នា ដោយមិនខ្វល់ខ្វាយដល់អនាគតកូនទាំង២របស់ពួកគេនោះទេ។
លោកមេឃុំរូបនេះក៏បានឲ្យដឹងដែរថា ចាប់តាំងពីលោកបានដឹងរឿងរាវនោះមក លោកបានធ្វើការពន្យល់ណែនាំ និងធ្វើការសម្របសម្រួលចំនួនពីរបីលើករួចមកហើយ ទៅដល់ភាគីប្តីប្រពន្ធខាងលើ ដោយលោកបានលើកហេតុផលជាច្រើនអំពីការលែងលះគ្នាថា «បើយើងជាឪពុកម្តាយលែងលះគ្នា កូនៗទាំង២ដែលកំពុងសិក្សា វាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូនៗយ៉ាងខ្លាំង» ។
គួររំឭកថា ទោះបីជាលោកមេឃុំខាងលើនេះ បានពន្យល់ហេតុផលច្រើនយ៉ាងណាក្តី ក៏ប្តីប្រពន្ឋមួយគូនោះមិនស្តាប់ដែរ នៅតែសម្រេចចិត្តលែងលះគ្នា និងមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែផ្ទះដែលពួកគេកំពុងរស់នៅសព្វថ្ងៃ ក៏ពួកគេសុខចិត្តពុះចែកគ្នាជា២ ដោយមិនខ្វល់ពីអនាគតកូនៗឡើយ ខណៈលោកមេឃុំក៏អស់សមត្ថភាពក្នុងការពន្យល់ណែនាំដល់ប្តីប្រពន្ធនេះ ដោយលោកថា មានតែបណ្តោយទៅតាមការចង់បានរបស់ពួកគេទៅចុះ យ៉ាងណាមិញបទពិសោធន៍ជីវិតប្តីប្រពន្ធលែងលះគ្នានេះ ប្រៀបដូចជាជីវិតចាប់ផ្តើមសារជាថ្មីអញ្ជឹង សូមកុំធ្វើសេចក្តីសម្រេចចិត្តតាមចិត្តខឹង ក្នុងនោះត្រូវគិតដល់អនាគតកូនៗផងដែរ៕