Barcelona បានជួបជាមួយមន្ត្រី La Liga ដើម្បីពិភាក្សាពីការវិលមកវិញរបស់ Messi
ការរំពឹងទុកជុំវិញផែនការផ្ទេររបស់ Barcelona សម្រាប់ទីផ្សាររដូវក្តៅកំពុងចាប់ផ្តើមឡើងកម្តៅហើយ។ ប្រធានបទសំខាន់មួយនៃការពិភាក្សាចុងក្រោយ គឺ Lionel Messi អាចនឹងវិលត្រឡប់មកកាន់ក្លិបចាស់របស់គេវិញ គឺ Barcelona។
របាយការណ៍ច្បាស់ការមួយបានបង្ហាញថា គ្រប់យ៉ាងគឺ កំពុងដំណើរការបានយ៉ាងរលូនហើយ ខណៈកិច្ចព្រមព្រៀងរវាង Barça និង Messi គឺស្ថិតក្នុងដំណាក់កាលច្បាស់ការហើយ ដោយភាគីទាំងពីរកំពុងតែចាំ La Liga បើកភ្លើងខៀវតែប៉ុណ្ណោះ។
យោងតាមលោក Edu Aguirre មន្ត្រីរបស់ Barcelona បានជួបជាមួយសមភាគី La Liga ក្នុងទីក្រុង Madrid កាលពីម្សិលមិញ ដើម្បីពិភាក្សាពីលទ្ធភាពនៃការយក Messi មកវិញ គេបានអះអាងថា ការប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារមួយក្នុងទីក្រុង Madrid ហើយមានរយៈពេល ១ ម៉ោង ១៥ នាទី។
ក្នុងអំឡុងកិច្ចប្រជុំនោះ Barcelona ត្រូវបានគេដឹងថា បានពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីធានាថាការនាំយក Messi គឺគ្មានឧបសគ្គ។
គួរបញ្ជាក់ថា គេរំពឹងថា Barcelona នឹងសិក្សាអំពីការសម្រេចចិត្តរបស់ La Liga លើលទ្ធភាពជោគជ័យរបស់ពួកគេនៅដើមខែឧសភា ដែលនៅពេលនោះពួកគេអាចបន្តការពិភាក្សាជាផ្លូវការជាមួយ Lionel Messi ផងដែរ៕