អ្នកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះនឹងទទួលបានបណ្ណសមធម៌គ្រប់ៗគ្នា ចាប់ធ្វើពីខែនេះ

ក្រោយពីបើកយុទ្ធនាការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ កាលពីថ្ងៃទី១១ និង ថ្ងៃទី១២ខែសីហា កន្លងទៅ អាជ្ញាធរតាមឃុំ-សង្កាត់នីមួយៗ កំពុងបន្តចុះស្រង់ទិន្នន័យក្រុមគោលដៅ នៅតាមទីតាំងសេវាកម្សាន្តនានា ដោយផ្ទាល់ នៅទូទាំងប្រទេសតែម្ដង។

ជាមួយគ្នានេះ សម្រាប់អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យទី ២ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីយុទ្ធនាការ និងស្រង់ទិន្នន័យអ្នកបម្រើការងារនៅតាម រង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានរបស់ខ្លួនរួចហើយ។

លោក ទូច សំអុល ជាចៅសង្កាត់ស្ទឹងមានជ័យទី ២ ថ្លែងថា នេះជាការងារសំខាន់ ដើម្បីប្រាកដថាអ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ អាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលថ្មីផ្ដល់ជូន និងក្នុងនាមជាអាជ្ញាធរមូលដ្ឋាន នឹងជួយលើភារកិច្ចធ្វើឯកសារនានា ពិសេសឯកសារបញ្ជាក់ទីលំនៅ រឺបញ្ជាក់អត្តសញ្ញាណជាដើម ដើម្បីសម្រួលដល់ការធ្វើសម្ភាសន៍ផ្ដល់បណ្ណក្រីក្រនាពេលខាងមុខនេះបានកាន់រលូន។

បើយោងតាមការបញ្ជាក់ពីឯកឧត្តម កែវ អ៊ូលី ប្រធាននាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានឱ្យដឹងថា ការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្តសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺចាប់ផ្ដើមក្នុងអំឡុងចុងខែសីហានេះ ឬដើមខែ កញ្ញាខាងមុខតែម្ដង។

គួររំឭកថា រាជរដ្ឋាភិបាលថ្មីអាណត្តិនេះបានដាក់ចេញរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលស្ថិតក្នុងចំណោមកម្មវិធីគោលនិយោបាយអាទិភាព ក្នុងការដាក់ចេញអន្តរាគមន៍ ដើម្បីធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច សំដៅរក្សាលំនឹងជីវភាព និងទប់ស្កាត់ឱ្យបានជាអតិបរមា កុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារការធ្លាក់ខ្លួនឈឺជាដើម៕

អត្ថបទដែលជាប់ទាក់ទង