ជម្រើសជាតិបាល់ទះកម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តទៀតហើយក្រោយចាញ់ កូរ៉េខាងត្បូង
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានរងបរាជ័យ ក្រោមថ្វីដៃក្រុមបាល់ទះជម្រើសជាតិ កូរ៉េខាងត្បូង ក្នុងលទ្ធផល ៣-០ នៅក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou នៅប្រទេសចិន នៅទីលាន Linping Sport Centre Gymnasium នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កាលពីមិ្សលមិញ។
នេះជាលទ្ធផលក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ វិញ្ញាសារបាល់ទះផ្នែកបុរស ពូល C៖
-កម្ពុជា ០-៣ ឥណ្ឌា (១៤-២៥, ១៣-២៥, ១៩-២៥)
-កូរ៉េខាងត្បូង ២-៣ ឥណ្ឌា (២៧-២៥, ២៧-២៩, ២២-២៥, ២៥-២០, ១៥-១៧)
-កម្ពុជា ០-៣ កូរ៉េខាងត្បូង (២៣-២៥, ១៣-២៥, ១៥-២៥)។
ពិតណាស់ ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ដែលប្រទេសចិន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន ១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាកម្រិតទ្វីបអាស៊ី Asian Games រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៥១ មកម៉្លេះ ពោលគឺរាល់ ៤ឆ្នាំម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែល កម្ពុជា បានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកាលនោះកម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕