ពិតជាមិនធម្មតាមែន! ក្រុម​បាល់ទះអ៊ីរ៉ង់ បានឈ្នះម្ចាស់ផ្ទះចិន យកមេដាយមាស នៅក្នុងកីឡាអាស៊ី ៣លើកជាប់ៗគ្នា…

ក្រុម​បាល់ទះជម្រើស​ជាតិ ​អ៊ីរ៉ង់​ បាន​​ឈ្នះ​មេដាយ​មាស ​​ក្នុង​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ បន្ទាប់​ពី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ចិន ​ដោយ​លទ្ធផល ១-៣ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីយប់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

ពិតណាស់ ពេលបើក​ឆាក​សិត​ទី១ ​ក្រុមបាល់ទះចិន ​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​នៅ​ទី​លាន Linping Sport Center Gymnsium ដោយបាន​យក​ឈ្នះក្រុមបាល់ទះ​អ៊ីរ៉ង់ ​ដោយ​ពិន្ទុ ២៥-១៩ ប៉ុន្តែ​អ៊ីរ៉ង់​​ បាន​វាយ​បក​យក​ឈ្នះ​ ៣​ សិត​ជាប់​គ្នាវិញ (ពិន្ទុ ១៤-២៥, ២២-២៥ និង​២៤-២៦)​ ហើយទទួល​បាន​មេដាយ​មាស តែម្តង។

យ៉ាងណាមិញ នេះ​ជា​ការ​ឈ្នះ​មេដាយ​មាស ​​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​​ ៣​លើក​ជាប់ៗ​គ្នា​​ របស់​​​ក្រុម​បាល់ទះជម្រើស​ជាតិ​ អ៊ីរ៉ង់ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​មេដាយ​មាស​ ​កាល​ពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

គួរបញ្ជាក់ផងដែរថា ក្រុម​បាល់ទះជម្រើស​ជាតិ ចិន ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​ជប៉ុន​ ទទួល​បាន​សំរិទ្ធ ក្នុង​ចំណោម​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចំនួន​ ១៩​ ដែល​បាន​ចូល​រួម​ប្រកួត​វិញ្ញាសា​បាល់ទះ​បុរស​ក្នុង​សាល​នេះ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៩ បន្ទាប់​ពី​ចាញ់​ទាំង​ពីរ​ប្រកួតនៅ​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

អត្ថបទដែលជាប់ទាក់ទង