តោះបងប្អូន មកដឹងពីកម្មវីធីការប្រកួតក្រុមថ្មីរបស់ គួន ម៉ុម ក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ របស់វៀតណាម…
ក្រុមបាល់ទះ Lavie Long An ដែលជាក្លិបក្រៅស្រុកទី ២ របស់កីឡាករ គួន ម៉ុម នឹងត្រៀមប៉ះជាមួយក្រុមបាល់ទះ Sanest Khanh Hoa ក្នុងការប្រកួតបើកឆាកក្នុងជើងទី២ នៃពានរង្វាន់បាល់ទះជើងឯកជាតិ នៅថ្ងៃទី៣ ខែវិច្ចិការ ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ដែលការប្រកួតនឹងធ្វើឡើងនៅខេត្តដាកណាង ប្រទេសវៀតណាម។
ពិតណាស់ ពានរង្វាន់បាល់ទះជើងឯកនៃប្រទេសវៀតណាម ផ្នែកបុរសនឹងបន្តការប្រកួតនៅជើងទី២ ដោយពូល C មានក្រុម Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, នឹងក្រុម TP. Hồ Chí Minh ហើយពូល D មាន Biên Phòng, Đà Nẵng, Hà Nội, Ninh Bình LVPB, នឹងក្រុម VLXD Bình Dương ។
យ៉ាងណាមិញ កីឡាករដែលមានកម្ពស់ ១.៩៨សង់ទីម៉ែត គួន ម៉ុម បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ស្របពេលដែលគេក៏ជាតួរសំខាន់ជួយឲ្យបាល់ទះបុរសក្នុងសាលរបស់កម្ពុជា ឈ្នះមេដាយសំរឹទ្ធិ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាគមបាល់ទះវិសាខា បានប្រកាសថា កីឡាករ គួន ម៉ុម បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ហើយ៕