អ្នកគ្រូស្អាត រិន ថារី នៅបាត់ដំបង កំពុងអំពាវនាវដល់សប្បុរជនជួយសម្រេចគោលដៅចែកសម្ភារៈសិក្សាដល់ក្មេងៗ ចំនួន ១៥ សាលានេះ
អ្នកគ្រូស្អាត រិន ថារី ជាអ្នកគ្រូវ័យក្មេងម្នាក់ដែលកំពុងទទួលបានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ស្ថិតនៅខេត្តបាត់ដំបង ធ្លាប់មានប្រវត្តិរស់នៅឃ្លាតឆ្ងាយពីឪពុកម្ដាយ រស់នៅពឹងលើការរៀនសូត្រ និងស្នាក់នៅជាមួយសាច់ញាតិ រហូតក្លាយជាគ្រូបង្រៀនថ្នាក់បឋមសិក្សានៅទឹកដីកំណើតវិញ។
ទោះបីជាបានសិក្សារៀនសូត្រចប់ថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ ពីសាលាដ៏ល្បីឈ្មោះនៅក្រុងភ្នំពេញក៏ពិតមែន ប៉ុន្តែយុវតីម្នាក់នេះ បានប្តេជ្ញាចិត្តធ្វើជាគ្រូបង្រៀនក្របខណ្ឌរដ្ឋ និងបានជ្រើសរើសបុស្តិ៍បង្រៀននៅទឹកដីកំណើតវិញ ដើម្បីកុមារតូចៗ ក្នុងសហគមន៍របស់ខ្លួន និងអំឡុងពេលចូលបង្រៀនសិស្សរយៈពេលជាង ២ឆ្នាំមកនេះ អ្នកគ្រូ ថារី បានធ្វើកិច្ចសប្បុរធម៌ជាច្រើន រួមមានការជួយដល់កុមារទីទាល់ក្រ ស្ត្រីគ្មានទីពឹង និងបណ្តុះក្មេងៗឲ្យចេះលក់ដូរ ដើម្បីសម្រួលបន្ទុកអាណាព្យាបាលផងដែរ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកគ្រូ រិន ថារី ដែលអ្នកលេងបណ្តាញសង្គមដឹងថាកំពុងបង្រៀនសិស្សនៅសាលាបឋមសិក្សាពីងពង់ ស្ថិតនៅភូមិព ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងនោះ កំពុងមានបេសកកម្ម និងបានបង្ហោះសារអំពាវនាវដល់សប្បុរជននានា ដែលមានទឹកចិត្តចង់ជួយដល់ក្មេងៗ បន្តទៀត ដោយភ្ជាប់ជាមួយរូបថត និងសារខ្លីថា “ចង់ចូលរួមសៀវភៅជាមួយអ្នកគ្រូខ្លះ រឺអត់? ពេលនេះ នៅខ្វះ1000 ក្បាលទៀត គ្រប់គោលដៅហើយ ពុកម៉ែបងប្អូនអាចចូលរួមជាមួយខ្ញុំបានដើម្បីជួយដល់សាលាខ្វះខាតចំនួន ១៥សាលា” ព្រមទាំងភ្ជាប់ជាមួយគណនីធនាគរផងដែរ។
តាមរយៈការផ្តល់ព័ត៌មានមកកាន់ MEDIA365DAILY នៅព្រឹកនេះ អ្នកគ្រូ រិន ថារី បានឲ្យដឹងថា សាលារៀនទាំង ១៥ នោះ រួមមាន ៖
សាលាបឋមសិក្សា. បឹងប្រាំ
សាលាបឋមសិក្សា. សំណាងព្រះស្រី
សាលាបឋមសិក្សា. ដំណាក់តាស៊ុច
សាលាបឋមសិក្សា. សំរោងជ័យ
សាលាបឋមសិក្សា. បួរុន
សាលាបឋមសិក្សា. ស្ថាព័រ២
សាលាបឋមសិក្សា. ស្វាយព្រៃ
សាលាបឋមសិក្សា. បឹងសំរោង
សាលាបឋមសិក្សា. ខ្នាចរមាស
សាលាបឋមសិក្សា. សង្កែវារ
សាលាបឋមសិក្សា ជ្រោយស្នា
សាលាបឋមសិក្សា. ល្វា
សាលាបឋមសិក្សា. ដំបូកក្នុង
សាលាបឋមសិក្សា. យុត្តិធម៍
សាលាបឋមសិក្សា តានី
សាលាបឋមសិក្សា. អន្លង់រ៉ៃ
និងក្នុងចំណោមសាលារៀនខាងលើនេះ មានសាលាខ្លះស្ថិតនៅតំបន់ដាច់ស្រយាល និងខ្វះខាតខ្លាំង និងមានសាលាមួយចំនួនទៀត ធ្វើជំនួយក្នុងគោលបំណង ចែកសម្រាប់បំណាច់ឆ្នាំ លើកទឹកចិត្តដល់សិស្សពូកែពីអ្នកលេខ ១ ដល់ លេខ ៥ ហើយក្នុងនោះក៏មានសិស្សក្រីក្រចំនួន ១០ នាក់ផងដែរ។
ជាមួយគ្នានេះអ្នកគ្រូ រិន ថារី ក៏បានបញ្ជាក់ថា សម្រាប់ការចែកសៀវលើកនេះ គឺចែកសម្រាប់សាលាណាដែលខ្វះសៀវភៅ ចែកឲ្យសិស្សក្នុងបំណាច់ឆ្នាំមុនពេលវិស្សមកាលប៉ុណ្ណោះ
ដោយមិនបានជួយទូទៅដូចលើកមុនៗនោះទេ។
គួររំឭកថា នេះជាសកម្មភាពមួយដ៏ល្អសម្រាប់យុវជនកម្ពុជា ដើម្បីចូលរួមកសាងធនធានមនុស្សអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត តាមលទ្ធភាពដែលអាចធ្វើបាន និងជាក់ស្តែងអ្នកគ្រូ រិន ថារី ដែលកំពុងធ្វើសកម្មភាពខាងលើនេះ ពិតជាគំរូល្អណាស់ ដែលយុវជនផ្សេងៗទៀត គួរចាប់អារម្មណ៍ និងលើកទឹកចិត្តគាត់ធ្វើកិច្ចការនេះបន្ត សម្រាប់ជួយដល់ក្មេងៗ សិស្សនុសិស្សក្នុងស្រុកបវេល ខេត្តបាត់ដំបង គាត់មានគំនិតផ្តួចផ្ដើមកិច្ចការសប្បុរសធម៌នេះ សង្ឃឹមថា សប្បុរជននានា នឹងមិនមើលរំលងនោះទេ និងធ្វើការទំនាក់ទំនងទៅកាន់គណនីគាត់ ដូចភ្ជាប់លើវីដេអូនេះផងដែរ៕