អស្ចារ្យ! កម្ពុជានឹងចាប់ផ្តើមបើកលីគបាល់ទះកំពូល នៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះហើយ
សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងរៀបចំការប្រកួតលីគបាល់ទះកំពូលកម្ពុជានាចុងឆ្នាំនេះហើយ បន្ទាប់ពីមានការរៀបចំការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ទទួលបានជោគជ័យខ្លាំង។
ពិតណាស់ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា៖ “តាមការគ្រោងទុក សហព័ន្ធនឹងរៀបចំការប្រកួតលីគបាល់ទះកំពូលកម្ពុជា នាចុងឆ្នាំ២០២៣ នេះ ដើម្បីពង្រឹងគុណភាពវិស័យបាល់ទះនៅកម្ពុជា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លីគបាល់ទះកំពូលកម្ពុជានឹងអនុញ្ញាតឲ្យមានកីឡាករប្រទេស ៣រូប ក្នុង ១ក្រុម ដើម្បីប្រកួតប្រជែងឲ្យកីឡាករក្នុងស្រុកកាន់តែខិតខំប្រឹងប្រែងខ្លាំង ដូច្នេះបើកីឡាករក្នុងស្រុកមិនខំប្រឹងប្រែងទេ កីឡាករបរទេសនឹងប្រជែងកៅអី នៅពេលកីឡាករក្នុងស្រុកខំប្រឹង ដើម្បីទទួលបានឱកាសលេងញឹកញាប់ គឺធ្វើឲ្យកីឡាករកម្ពុជាកាន់តែមានគុណភាព ហើយការរៀបចំឲ្យមានលីគបាល់ទះកំពូលកម្ពុជា គឺដើម្បីស្របតាមលក្ខខណ្ឌតំបន់អាស៊ី និងពិភពលោកដែលទាមទារឲ្យប្រទេសមួយមានលីគបាល់ទះ ទើបក្រុមជម្រើសជាតិរបស់ខ្លួនគ្រប់លក្ខណៈសម្បត្តិចូលរួមប្រកួតពានរង្វាន់នានាកម្រិតអាស៊ី និងពិភពលោក”។
លោកបានបន្តទៀតថា៖ “ការរៀបចំប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ នេះ គឺទទួលបានជោគជ័យខ្លាំង ដោយសារក្រុមចំនួន ២៩បានចូលរួមប្រកួត និងកីឡាករជាច្រើនទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងន័យនេះគឺកីឡាករវ័យក្មេងមួយចំនួនដែលធ្វើបានល្អបានក្លាយជាមុខព្រួយរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ជ្រើសរើសដើម្បីក្លាយជាជម្រើសជាតិ ហើយអ្វីដែលកាន់តែធ្វើឲ្យសហព័ន្ធមានកម្លាំងចិត្តក្នុងការរៀបចំពានរង្វាន់ធំៗ គឺទទួលបានការឧបត្ថម្ភពីអ្នកឧកញ៉ា លាង ឃុន ចំនួន ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗជាច្រើនឆ្នាំ សម្រាប់ការភិវឌ្ឍបាល់ទះកម្ពុជា ខណៈវិស័យកីឡាបាល់ទះកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន”។
គួរបញ្ជាក់ផងដែរថា៖ ក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ B បានក្លាយជាម្នាក់ជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-១ ក្នុងនាមជាជើងឯក ក្រុមមហាផ្ទៃ B ទទួលបានប្រាក់រង្វាន់ ៥០លានរៀល ហើយជើងឯករង រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន ២០លានរៀល និងចំណាត់ថ្នាក់លេខ ៣បានទៅលើ បញ្ជាការដ្ឋានអង្គរក្ស B ដោយទទួលបានប្រាក់រង្វាន់ ១២លានរៀល៕