សមត្ថកិច្ចបានចុះឆែកឆេរឃ្លាំងមួយកន្លែងនៅខណ្ឌសែនសុខ និងបានរកឃើញមានការផ្ទុកសាច់បង្កកខុសច្បាប់ ជិត ៤០ ម៉ឺនគីឡូក្រាម
កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានចុះឆែកឆេរឃ្លាំងមួយកន្លែងដែលស្ថិតនៅខណ្ឌសែនសុខ ដោយបានរកឃើញមានការផ្ទុកសាច់បង្កកខុសច្បាប់ជិត ៤០ ម៉ឺនគីឡូក្រាម ។
បើយោងតាមរយៈក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថាកាលពីរសៀលថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ក្រុមការងារបានចុះឆែកឆេរឃ្លាំងមួយកន្លែងស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខរាជធានីភ្នំពេញ បានរកឃើញមានការផ្ទុកសាច់បង្កកនាំចូលពីបរទេស ដោយខុសច្បាប់យ៉ាងច្រើនពោលគឺជិត ៤០ ម៉ឺនគីឡូក្រាម ក្នុងនោះមានគ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងសាច់ក្របី សរុប ២៤ ៤២៤ កេះ ស្មើនឹង ៣៧០ ៧៨៧ គីឡូក្រាម ។
ចំពោះសាច់បង្កកខុសច្បាប់ទាំងនេះ កំពុងតែក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំង និងកំពុងតែគំរាមកំហែងដល់សុខភាពរបស់ប្រជាជនព្រោះប្រភេទសាច់ទាំងនេះ គឺជាសាច់បង្កកខុសច្បាប់ ខូចគុណភាព និងហួសកាលបរិចេ្ឆទ ៕