តារាឆ្នើមរាបាល់ទះកម្ពុជា គួន មុំ បានប្រាប់អំពីកត្តាអំណោយផលរបស់ក្រុមបាល់ទះកម្ពុជា

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​ក្លិប​បាល់ទះ​វិសាខា គួន មុំ បានសង្កេត​​ឃើញ​កាយ​សម្បទា​របស់​ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាមាន​អំណោយ​ផល​ល្អ​មិន​ចាញ់​ប្រទេស​ជិត​ខាង​ប៉ុន្មាន​ឡើយ​ ប៉ុន្តែបទ​ពិសោធ និង​ស្មារតី​នៅ​មាន​កម្រិត ហើយតាមរយៈ​បទ​ពិសោធ​​ដែលធ្លាប់​លេង​នៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី គួន មុំ បានឲ្យដឹងថា៖ “សម្រាប់​បទ​ពិសោធ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​លេង​នៅក្រៅប្រទេសដូច​ជា ​វៀតណាម ឥណ្ឌូណេស៊ី​ ឃើញ​គេ​មាន​ក្រុម​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង ការ​រៀបចំ​របស់​គេ​ច្បាស់​លាស់មាន​លីគ មាន​ពាន​ច្រើន ​ធន់​ធាន​កីឡាករ​គេ បើ​តាម​ខ្ញុំ​សង្កេត​មើល​អត់​លើ​យើង​ប៉ុន្មាន​ទេ”។

ពិតណាស់ តាឆ្នើម គួន មុំ បាននិយាយថា៖ “បើ​​មើល​​​ក្រុម​ជម្រើស​ជាតិ​យើង ធៀប​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​របស់​គេ កាយ​សម្បទា​របស់​កម្ពុជា​យើង​មាន​ម៉ាចប់ ចង់​ល្អ​ជាង​គេ​ផង ប៉ុន្តែ​​យើង​ខ្វះ​បទ​ពិសោធ​នៃ​ការ​លេង និង​បច្ចេកទេស​របស់​គ្រូ​បង្ហាត់​​ គ្រូ​បង្វឹក​​គេ​មាន​ផ្លាស់​ប្តូរ​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​ច្រើន ធ្វើ​ឲ្យ​​កីឡាករ​គេ​​ទទួល​បាន​​បទ​ពិសោធ​ថ្មី​ៗ​ច្រើន​ សមត្ថភាព​កាន់​តែ​រីក​ចម្រើន»។

យ៉ាងណាមិញ ការ​លើក​ឡើង​ខាង​លើនេះ បន្ទាប់​ពី​កម្ពុជា​​​រៀបចំ​ឲ្យ​មាន​លីគ​បាល់ទះ​កំពូល​កម្ពុជា​ជា​លើក​ដំបូង​ដែល​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៤​ខាង​មុខ ហើយ គួន មុំ បាន​ចាត់​ទុក​ «តេជោលីគ»​ ជាសសរស្តម្ភក្នុង​ការ​ពង្រឹង និង​ជំរុញ​វិស័យ​កីឡា​បាល់ទះ​កម្ពុជាផងដែរ។

គាត់បានបន្ថែមទៀតថា៖ “ក្នុង​នាម​ខ្ញុំជា​កីឡាករ​ម្នាក់ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងសម្រាប់​សហព័ន្ធ​យើង​អាចបង្កើត​លីគ​បាន​ជា​លើក​ដំបូង នេះ​ជា​ការ​អភិវឌ្ឍ​មួយ​ជំហាន​ទៀត​ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុនមក ខ្ញុំ​សង្ឃឹម​ថា លីគ​នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទះ​កម្ពុជា ហើយនឹងជំរុញ​ឲ្យ​កម្ពុជា​សំបូរ​ធន​ធានកាន់​តែ​ច្រើន ក្រុម​ជម្រើស​ជាតិ​កាន់​តែ​ខ្លាំង”។

គួរបញ្ជាក់ផងដែរថា បើតាម​ការ​គ្រោង​ទុក ការ​ប្រកួត «តេជោលីគ»​​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១២ ខែ​មករា ដល់​ទី​ថ្ងៃ​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន​ក្រុម​បាល់ទះ​អាជីព​ចំនួន​៨​ ចូល​រួម​ប្រកួត រួម​មាន​ក្រុម​​បាល់ទះ​វិសាខា ​ក្រសួង​មហា​ផ្ទៃ ​បញ្ជាការដ្ឋាន​អង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ក្រុម​នគរ​បាល​​ព្រះ​​សីហនុ ក្រុម​​នគរ​បាល​ពោធិ៍​សាត់ និង​ក្រុម​​នគរ​បាល​ខេត្ត​កណ្តាល​ ហើយចម្រាប់ជុំ​ទី​១ ការ​ប្រកួត​ជុំ​​សន្សំ​ពិន្ទុ បន្ទាប់​មក​ក្រុម​២ ​ទាប​ជាង​គេ​ត្រូវ​បាន​កាត់​ចេញ ហើយ​ក្រុម​លេខ​​ ១​ដល់​៦ ​ត្រូវ​បន្ត​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ជុំ​ទី២ ក្រោយ​ចប់​ជុំ​ទី​២ ក្រុម​មាន​ពិន្ទុ​ទាប​ជាង​គេ​២ ​ត្រូវ​បាន​កាត់​ចេញ និង​មាន​ ៤​ក្រុម ​ឡើង​ទៅ​ជុំ​ទី​៣​ ដែល​ត្រូវ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង២​ក្រុម​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​តែ​ម្តង៕

អត្ថបទដែលជាប់ទាក់ទង