ក្តៅៗ ថ្ងៃដែលបងប្អូនរង់ចាំទស្សនាបានមកដល់ហើយ បាល់ទះផ្នែកបុរសចាប់ផ្តើមនៅថ្ងៃនេះ

ថ្ងៃនេះ ក្រុមជម្រើសជាតិបាល់ទះក្នុងសាល កម្ពុជា វិញ្ញាសាបុរស នឹងប្រកួតជាមួយក្រុមជម្រើសជាតិបាល់ទះក្នុងសាល សិង្ហបុរី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១៩ៈ៣០នាទី នៅពហុកីឡដ្ឋាជាតិអូឡាំពិក។

ពិត​ណាស់ ក្រុម​ជម្រើសជាតិបាល់ទះកម្ពុជា និងក្រុមជម្រើសជាតិបាល់ទះសិង្ហបុរី ក៏បានប៉ះគ្នារួចមកហើយ នៅប្រទេសម៉ាឡេស៊ី នៃព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 ប៉ុន្តែកាលនោះក្រុមជម្រើស​​ជាតិ​បាល់​ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិបាល់ទះសិង្ហបុរី ដោយលទ្ធផល ៣ ទល់​និង ១។ ចាំមើលថ្ងៃនេះ តើក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងអាចយកឈ្នះក្រុមជម្រើសជាតិបាល់ទះសិង្ហបុរី នៅការប្រកួតលើកដំបូងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣នេះ បានដែរឬទេ?

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះនឹងមានការប្រកួតចំនួន ៤គូ នៃវិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរស រួមមាន៖

១- ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ប៉ះជាមួយ ក្រុមជម្រើសជាតិ ថៃ វេលាម៉ោង ១២ៈ០០នាទី (Group B)

២- ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ប៉ះជាមួយ ក្រុមជម្រើសជាតិ ហ្វីលីពីន វេលាម៉ោង ១៤ៈ៣០នាទី (Group A)

៣- ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា ប៉ះជាមួយ ក្រុមជម្រើសជាតិ វៀតណាម វេលាម៉ោង ១៧ៈ០០នាទី (Group B)

៤- ក្រុមជម្រើសជាតិ កម្ពុជា ប៉ះជាមួយ ក្រុមជម្រើសជាតិ សិង្ហបុរី វេលាម៉ោង ១៩ៈ៣០នាទី (Group A)

ការប្រកួតទាំងអស់នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង