ក្រុមខ្លាំងបាល់ទះកម្ពុជានឹងត្រូវស្វាគមន៍ភ្ញៀវមកពីវៀតណាមនៅថ្ងៃសុក្រនេះ លេខ១យើងប៉ះលេខ១គេ!

វិសាខា ដែលជាក្លឹបបាល់ទះល្អបំផុតរបស់កម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Sanest Khanh Hoa ដែលជាក្លឹបបាល់ទះល្អបំផុតរបស់ប្រទេសវៀតណាម នៅទីលានបាល់ទះពហុកីឡដ្ឋានជាតិ នៅថ្ងៃទីសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៥ល្ងាចតទៅ។ នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) កាលពីថ្ងៃទី៥ កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះតាមរយៈការចុះផ្សាយពីសារព័ត៌មានខ្មែរថាមស៍ថា ក្រុម Sanest Khanh Hoa ជាក្រុមបាល់ទះអាជីពដែលមានទីតាំងនៅតំបន់សមុត្រ ក្នុងខេត្ត Nha Trang ប្រទេសវៀតណាម។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ហើយចាប់តាំងពីពេលនោះមកបានរីកចម្រើនក្លាយជាក្រុមដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសវៀតណាម។ ក្រុមនេះមានទម្រង់លេងដ៏រឹងមាំ និងហ្មត់ចត់ ទើបធ្វើឱ្យពួកគេទទួលបានជ័យជម្នះ និងការអបអរសាទររាប់មិនអស់នាពេលកន្លងមក។

ប្រភពដដែលបញ្ជាក់ថា ការប្រកួតជាមួយក្រុម Sanest Khanh Hoa មកពីវៀតណាមនេះដែរ គឺជាការកម្តៅសាច់ដុំដ៏អស្ចារ្យសម្រាប់ក្រុមវិសាខា មុនពេលពួកគេចូលរួម “Techo Volleyball Cambodia League” ដែលជាលីកបាល់ទះអាជីពដំបូងគេរបស់កម្ពុជា។ លីគបាល់ទះតេជោកម្ពុជានេះ នឹងចាប់ផ្តើមរដូវកាលដំបូងនៅថ្ងៃទី១២ ខែមករា ហើយត្រូវដំណើរការរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ។ ដោយការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅទីលានបាល់ទះពហុកីឡដ្ឋានជាតិ។

សម្រាប់លីគខាងលើនេះដែរ មានចំនួនប្រាំបីក្រុមបានចុះឈ្មោះ ដើម្បីចូលរួមដណ្តើមប្រកួតប្រជែងគ្នា រួមមានទាំងក្រុមដែលមានបទពិសោធន៍ ដូចជាក្លឹបបាល់ទះក្រសួងមហាផ្ទៃ ក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងក្លឹបកងពលធំអន្តរាគមន៍លេខ៣ និងក្រុមថ្មីៗ រួមមាន ​ក្លឹប​ស្នងការ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ និង​ក្លឹបស្នងការខេត្ត​កណ្តាល។ ហើយសម្រាប់ការប្រកួតជ្រើសរើសក្រុមជើងឯកខាងលើនេះ អ្នកឈ្នះនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ 15,000 ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង