សមត្ថកិច្ច បានឃាត់ខ្លួនអាជ្ញាធរជាតិអប្សរា២នាក់ ដែលទះកំផ្លៀងក្មេងលក់កូនអណ្តើកមុខអង្គរវត្ត
ទីបំផុតបុគ្គលិករបស់មន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន ២នាក់ដែលបានប្រើអំពើហិង្សាលើក្មេងលក់សត្វអណ្ដើក នៅមុខប្រាសាទអង្គរវត្តត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជាបណ្ដោះអាសន្ន ។
បើយោងតាមទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ខែ មករា ឆ្នាំ២០២៤ នេះ ថាពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី។
ជុំវិញករណីការប្រើអំពើហិង្សាទៅលើក្មេងលក់កូនអណ្តើកមុខអង្គរវត្តនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានពិន័យលើបុរសជាជនដៃដល់ទាំងពីរនិងធ្វើកិច្ចសន្យាផងដែរ ។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ បើយោងតាមរយៈបណ្ដាញសង្គម Facebook និងការចែករំលែកបន្តគ្នាព្រោងព្រាតពីវីដេអូ បុគ្គលិកអាជ្ញាធរជាតិអប្សរាដែលបានប្រើអំពើហិង្សាលើក្មេងប្រុសលក់អណ្ដើកឲ្យភ្ញៀវទេសចរម្នាក់នៅខាងមុខប្រាសាទអង្គរវត្ត ៕