ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺជុំវិញករណីមានអ្នកទៅបំផ្លាញកន្លែងលក់នំរបស់ជនជាតិជប៉ុន


នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ បើយោងតាមរយៈការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញមកបំភ្លឺជុំវិញករណីបុរសជនជាតិខ្មែរម្នាក់បានវាយបំផ្លាញកន្លែងលក់នំរបស់ជនជាតិជប៉ុនម្នាក់នៅម្ដុំមាត់ស្ទឹងខេត្តសៀមរាប ។

ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថា « នាពេលថ្មីៗនេះ មានផេក Facebook ឈ្មោះ FANTOZ បានធ្វើការផ្សព្វផ្សាយមានខ្លឹមសារថា ៖ ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រើន ឥឡូវបែរជួបទង្វើបែបហ្នឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង ។ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុមកម្ល៉េះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

សូមរំឭកផងដែរថាហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ រវាងអ្នកលក់ការ៉ែមឆាតាមរទេះជាមួយបុរសជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា Tara ដែលមានរទេះលក់ជាប់គ្នា បានធ្វើឲ្យប្រជាជនកម្ពុជា ជាច្រើនបានសម្ដែងការខកចិត្តចំពោះបុរសជាអ្នកលក់ការ៉ែមឆាជាខ្លាំងដែលទៅវាយបំផ្លាញកន្លែងលក់នំរបស់ជនជាតិជប៉ុនម្នាក់នេះ ខណៈរូបគេបានធ្វើការងារសប្បុរស ប្រមូលសំរាម និងរកថវិកាដើម្បីសាងសង់សាលារៀន​ អណ្ដូងទឹក និងជួយដល់ក្មេងកំព្រានៅកម្ពុជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង