រាជិនីក្រមា មាន សូនីតា រអ៊ូថាគ្មានអ្នកជួយ Share កម្មវិធីប្រម៉ូតពីតំបន់ទេសចរណ៍នៅក្នុងស្រុក
សិល្ប៖ តារាសម្ដែងកញ្ញា មាន សូនីតា ដែលគេស្គាល់ថាជារាជិនីក្រមា និងតារាចម្រៀងលោក ម៉ានិត បានសហការគ្នាបង្កើតកម្មវិធីថ្មីសន្លាងមួយឈ្មោះថា កម្ពុជាឋានសួគ៌លើដី ក្នុងការបង្កើតកម្មវិធីនេះឡើងគឺ ដើម្បីជួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុកនិង ផ្សព្វផ្សាយពីកន្លែងកម្សាន្ដស្អាតៗបែបធម្មជាតិជាច្រើនទាំង ២៥ ខេត្ត-ក្រុង ។
ខណៈកម្មវិធីមួយនេះគឺបានចាប់ផ្ដើមដំណើរការទៅមុខហើយ ដោយខេត្តដំបូងដែល មាន សូនីតា និងលោក ម៉ានិត បានជ្រើសរើសធ្វើនោះគឺធ្វើនៅលើទឹកដីខេត្តសៀមរាប ក្នុងនោះដែរពួកគេទាំងពីរក៏បានធ្វើដំណើរទៅលេងតំបន់ទេសចរណ៍ កំពង់ភ្លុក និងបានថតផ្តិតយករូបភាពនិងវីដេអូដ៏ស្រស់ស្អាតនៃភូមិលើទឹក មកចែកជូនប្រិយមិត្តទស្សនិកជនបានទស្សនាកម្សាន្តថែមទៀតផង។
ក្រោយត្រឡប់មកពីដំណើរកម្សាន្តហើយនោះ ពួកគេទាំងពីរក៏បានចេញវីដេអូមួយដែលបង្ហោះនៅលើផេក កម្ពុជាឋានសួគ៌លើដី ដោយចែករំលែកពីបទពិសោធន៍ដែលបានទៅកម្សាន្តនៅទីនោះ និងភ្ជាប់មកជាមួយ Caption ថា «ខ្វះតែអ្នក Share ទេ កន្លែងយើងស្អាតហើយ ច្នៃថែមតែបន្តិច គឺកប់បាត់ហើយ ថ្ងៃនេះពួកយើងបានបង្រៀនបងៗនៅសហគមន៍នៅកំពង់ភ្លុកក្នុងការរៀបកញ្ចប់ជិះទូកបែបរ៉ូមេទិច ជិះមើលព្រៃលិចទឹក ដែលមានការរៀបចំថតរូបស្អាតសាហាវ តែបែបអេកូទេសចរណ៍ » ។
តាមរយៈការស្នើសុំពីអ្នកផលិតកម្មវិធី ដើម្បីតែជួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុកនេះដែរ សង្ឃឹមថាបងប្អូននឹងជួយ share ឲ្យបានច្រើនជាបន្តបន្ទាប់ផង ដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនជាងមុនមួយកម្រិតទៀត៕