អ្នកប៉ះសេ សួន ចាន់ណារ៉ូ បង្ហាញក្តីព្រួយបារម្ភមុនប៉ះអង្គរក្ស នៅ «តេជោលីគ» ចុងសប្តាហ៍នេះ…
សមាជិករបស់ក្លិបបាល់ទះវិសាខា គឺកីឡាករ សួន ចាន់ណារ៉ូ បានបង្ហាញអារម្មណ៍លើគណនី Facebook ពីក្តីព្រួយបារម្ភមុនពេលប៉ះអង្គរក្ស នៅចុងសប្តាហ៍នេះ ដោយបានសរសេរថា៖ «មិនដឹងម៉េចម៉ាទេខ្ញុំ»។
ពិតណាស់ កាលពីពេលកន្លងទៅ សួន ចាន់ណារ៉ូ ក៏ធ្លាប់ឆ្លើយតបប្រាប់អ្នកគាំទ្រថា ក្លិបបាល់ទះវិសាខា ទៅអត់រួចជាមួយ (សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស) ទេ ស្របពេលដែលកីឡាករ គួន ម៉ុម ក៏បាននិយាយដែលថា៖ ឆ្នាំនេះវិសាខា សង្ឃឹម៧០% មូលហេតុគឺដោយសារក្រុមខ្លួនបាត់ស្មាត់ធំម្នាក់ គឺកីឡាករ វឿន វាសនា ស្របពេល Libero ខឹម សុវណ្ណដារ៉ា មានបញ្ហារបួស ACL ខណៈក្រុមដែលពិបាកខ្លាំងឆ្នាំនេះ គឺ សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបញ្ជាការដ្ឋានអង្គរក្ស ដោយសារពួកគេនាំចូលកីឡាករបរទេសល្អៗ។
*ដូចដែលប្រិយមិត្តបានជ្រាបហើយថា សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ មាននាំចូលកីឡាករបទេសជនជាតិវៀតណាម ចំនួន ៣នាក់៖
- កីឡាករលេខ១៩ ថាម ថោវ ឃុង សញ្ជាតិវៀតណាម
- កីឡាករលេខ២១ ឈើ ខ្វូច វូវីត សញ្ជាតិវៀតណាម
- កីឡាករលេខ២០ ត្រាន ឌូច ហាញ់ សញ្ជាតិវៀតណាម
*ខណៈក្លិបបញ្ជាការដ្ឋានអង្គរក្ស បាននាំចូលកីឡាករបរទេស ជនជាតិឥណ្ឌូនេស៊ី ចំនួន ៤នាក់រួមមាន៖
- កីឡាករលេខ៧ Doni Haryono សញ្ជាតិឥណ្ឌូណេស៊ី
- កីឡាករលេខ១៥ Dio Zulfikri សញ្ជាតិឥណ្ឌូណេស៊ី
- កីឡាករលេខ៤ I Gede Wira Yudha សញ្ជាតិឥណ្ឌូណេស៊ី
- កីឡាករលេខ២១ Luvi Febrian Nugraha សញ្ជាតិឥណ្ឌូណេស៊ី
គួរបញ្ជាក់ផងដែរថា ៥ប្រកួតពេញរបស់ក្រុមវិសាខា គឺមិនទាន់ស្គាល់ពាក្យថា ចាញ់១ សិតណាឡើយ ពោលគឺ ៥ប្រកួតរបស់វិសាខា គឺបានយកឈ្នះទាំង ៥ប្រកួត ក្នុងលទ្ធផល ៣-០ តែម្កង កំពុងឈរនៅកំពូលតារាងមាន ១៥ពិន្ទុ។ ខណៈដែលក្រុមបញ្ជាការដ្ឋានអង្គរក្ស ៥ប្រកួតមកនេះ ទោះជាឈ្នះទាំង ៥ក៏ពិតមែន តែក្រុមដែលមានសមាជិកកីឡាករឥណ្ឌូណេស៊ី យកឈ្នះលើដៃគូ ដោយលទ្ធផល ៣-០ បានតែមួយប្រកួតទេ ក្រៅពីនោះយកឈ្នះដោយលទ្ធផល ៣-១ ចំនួន ២ប្រកួត និង ៣-២ ចំនួន ២ប្រកួត៕