កូនប្រុសពៅលោក អេ ភូថង ឡើងប្រកួតជាថ្មីនៅល្ងាចថ្ងៃព្រហស្បត្តិនេះក្រោមហេតុផល…

លោក អេ ភូថង អតីតស្តេចប្រដាល់គុនខ្មែរ និងលោកស្រី ស សុម៉ាលី ដែលកំពុងច្បាមបានឱកាសល្អៗជាច្រើន តាមរយៈកូនៗបង្កើតរបស់អ្នកទាំងពីរ រួមមាន អេ យ៉ានុត អេវីរៈខាំឈីតភូថង (ម៉ឺនមេឃា) អេអាំម៉ារីនភូថង និងសិស្សដែលកំពុងល្បីខ្លាំងរួមមាន ធឿន ធារ៉ា យ៉េន ឌីណា អេ ណារ័ត្ន និងកីឡាករក្នុងក្លិបទាំងកាឡាក់ស៊ីអេភូថង គុនខ្មែរ និងក្លិប ស សុម៉ាលី គុខខ្មែរ ដោយមួយប្រកួតៗ ទទួលបានឡាន ប្រាក់រង្វាន់ជាច្រើន អមជាមួយខ្សែក្រវាត់ ពាន និងប្រកួតញឹកញាប់ស្ទើតែគ្រប់សប្តាហ៍ នៃសង្វៀនគុនខ្មែរមួយរយៈចុងក្រោយនេះ។

កាន់តែពិសេសទៀតនោះ នៅល្ងាចថ្ងៃព្រហស្បត្តិ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ កូនប្រុសពៅ ដែលកន្លងទៅធ្លាប់បានឡើងប្រកួត២លើក កាលពីអំឡុងអាយុ ៩ឆ្នាំ ឈ្នះនិងចាញ់ម្ដង និងបានចោលសង្វៀនទើបតែពេលនេះ វ័យ ១៦ឆ្នាំ ហ៊ានឡើងសង្វៀនជាថ្មី និងត្រូវប៉ះកីឡាករបរទេសដែលមកហ្វឹកហាត់នៅក្លិប KKIF របស់ឧកញ៉ា ស្រីចាន់ថន ក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរផងដែរ។

អេឡិច ថៃសាន់ ភូថង ជាកូនប្រុសពៅ និងជាទាយាទម្នាក់ទៀត ដែលសម្ងំលាក់ខ្លួនមិនតិចឆ្នាំនោះទេ និងក៏មិនសូវមានអ្នកចាប់អារម្មណ៍ថា លោកអេភូថង និងលោកស្រី ស សុម៉ាលី នៅមានកូនប្រុសម្នាក់ទៀតនោះឡើយ ព្រោះកន្លងមកនេះ កេរ្តិ៍ឈ្មោះល្បីល្បាញនៃគ្រួសារអ្នកប្រដាល់នេះ គឺបន្ទាប់ពីលោកអេភូថង និងកូនៗរបស់លោកផ្ទាល់ គឺល្បីតែឈ្មោះកូនបីនាក់ប៉ុណ្ណោះ អេយ៉ានុត ម៉ឺន មេឃា និងអេ អាំម៉ារីន។

លោក អេ ភូថង ធ្លាប់លើកឡើងអំពីកូនប្រុសពៅម្នាក់នេះនាពេលកន្លងមក និងចង់ជំរុញឱ្យគេប្រឡូកចូលវិស័យគុនខ្មែរដូចបងៗរបស់គេដែរ ប៉ុន្តែលោកថា កូនប្រុសម្នាក់នេះ រាល់ពេលលោក ចាប់គូឱ្យឡើងប្រកួត តែងយកលេសគេចវេស និងធ្វើពុតថា ចុកពោះ ឬឈឺ និងទោះជាជំរុញយ៉ាងណាក៏មិនប្រកួតដែរ ប៉ុន្តែលោកនិយាយថា កូនម្នាក់នេះ មានផែនល្អ មាឌ កម្ពស់ និងអាចល្អជាបងៗរបស់គេទៅទៀតផង។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ លោក អេ ភូថង សប្បាយចិត្តជាខ្លាំង ខណៈអេឡិច ថៃសាន់ កូនប្រុសពៅម្នាក់នេះស្រាប់តែមកសុំលោកឱ្យចាប់គូឱ្យគេប្រកួតផង។ លោកបន្តថា មូលហេតុចម្បងនៃការសម្រេចចិត្តចង់ប្រកួត អាចទំនងជាកូនប្រុសម្នាក់នេះ មើលឃើញពីបងបងរបស់គេពេលនេះ មានភាពល្បីខ្លាំង និងការប្រកួតម្ដងៗ ទទួលបានប្រាក់រង្វាន់ធំៗ ដូច្នេះក៏មានចិត្តចង់ល្បី និងមានលុយដូចបងៗ។ ចំពោះ អេឡិច ថៃសាន់ បានបញ្ជក់ថា ការវិលចូលប្រកួតឡើងវិញនេះ គឺគ្មានការបង្ខិតបង្ខំទេ គឺចង់ប្រកួតដោយខ្លួនឯង ហើយកន្លងមករូបគេពិតជាបានគេចវេសមិនចង់ប្រកួតពិតមែន និងពេលខ្លះក៏ឈឺមែន និងពេលខ្លះធ្វើពុតចុកពោះ ព្រោះអត់ចង់ប្រកួត តែលើកនេះបានត្រៀមខ្លួនរួចហើយ ដោយជួបគ្នានៅល្ងាចនេះ។

គួររំឭកថា អេឡិច ថៃសាន់ ភូថង កូនប្រុសពៅលោកគ្រូ អេភូថង មានកម្ពស់ ១.៧៥ និងទម្ងន់ ៥៧គីឡូក្រាម ដោយត្រូវប៉ះជាមួយកីឡាករបរទេស MOJTABA ក្នុងកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ KKIF របស់លោកឧកញ៉ា ស្រី ចាន់ថន និងក៏មានផ្សាយលើកផេករបស់លោកផងដែរ និងចាប់ពីវេលាម៉ោង ៦ល្ងាចនេះតទៅ ដូច្នេះល្ងាចនេះ រង់ចាំអ៊ុតលទ្ធផល និងតាមដានទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង