អតីតជើងខ្លាំងគុនខ្មែរ ឯម លីថូ ជំនាន់ជាង១០ឆ្នាំមុនធ្លាក់ខ្លួនក្នុងស្ថានភាពវិបត្តិផ្លូវចិត្ត និងបញ្ហាសតិមិនប្រក្រតី
អតីតជើងខ្លាំង ឯម លីថូ ធ្លាប់ជាដៃគូដ៏ស្វិតស្វាញជាមួយកីឡាករម្ទេសខ្មាំង សែន រ៉ាឌី កាលពីជំនាន់ឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ដោយពេលនេះជួបបញ្ហាសតិមិនប្រក្រតី និងកំពុងរស់នៅក្នុងស្ថានភាពក្រក្រីខ្លាំងជាមួយម្តាយចាស់ជរាថែមទៀតនៅឯខេត្តត្បូងឃ្មុំ។
យោងតាមបណ្តាគណនីហ្វេសប៊ុកជាច្រើន និងពីព្រះតេជគុណ Som Sohors បានរំឭកអំពីអតីតកាលកីឡាករ ឯម លីថូ និងបានបញ្ជាក់ថា កីឡាករជើងខ្លាំងរូបនេះ កាលពីជំនាន់ ២០១០-២០១៤ អ្នកណាមិនស្គាល់ដៃគូដ៏ស្វិតស្វាញជាមួយម្ទេសខ្មាំង សែន រ៉ាឌី ប៉ុន្តែឥឡូវនេះកំពុងជួបបញ្ហាសតិអារម្មណ៍ខ្លាំង និងពិតជាសោកស្តាយធន់ធានកីឡាករដ៏ល្អរូបនេះណាស់។
តាមប្រភពខ្លះបានបញ្ជាក់ថា អតីតជើងខ្លាំងគុនខ្មែររូបនេះកំពុងរស់នៅជាមួយម្តាយចាស់ជរា ស្ថិតនៅភូមិត្រពាំងល្វាត្បូង ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯម លីថូ ក៏ធ្លាប់គ្រងខ្សែក្រវ៉ាត់នៅស្ថានីយទូរទស្សន៍ CTN នៅអំឡុងឆ្នាំ២០១០ដែរ ប៉ុន្តែឥឡូវក្លាយជាបែបនេះ ពិតជាអាណិតណាស់ និងរស់នៅជាមួយម្ដាយចាស់ផង អាចទេសប្បុរសជនជួយតាមលទ្ធភាពសម្រាប់លើកទឹកចិត្តដល់កីឡាករគុនខ្មែរ ជៀសវាងទុកគ្នាចោលធ្វើមិនដឹងមិនឮ សង្ឃឹមថាខ្មែរជួយដល់ខ្មែរគ្រប់រូបគ្រប់ៗជំនាន់ ទើបខ្មែរខ្លាំងក្លា ជាពិសេសអ្នកស្រលាញ់ចូលចិត្តវិស័យគុនខ្មែរតែម្ដង៕