ក្លិបព្រះខ័នរាជស្វាយរៀងសម្ដែងការសោកស្ដាយ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រភ្នំពេញក្រោននិងអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញ
ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣/២៤ សម្រាប់សប្ដាហ៍ទី២០ ជុំទី៣ រវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប៉ះជាមួយ ភ្នំពេញក្រោន ដែលបញ្ចប់ដោយលទ្ធផល ៣ទល់នឹង២ ដែលព្រះខ័នរាជស្វាយរៀងដណ្ដើមបាន ៣ពិន្ទុពីភ្នំពេញក្រោន នៅតែអាចរក្សាដំណែងរបស់ខ្លួនបានជាក្រុមស្ថិតនៅកំពូលតារាង Cambodian Premier League យ៉ាងណាមិញ ចំពោះការប្រកួតមួយនេះបានរងនៅបញ្ហា ក្នុងនោះក្រោយចប់ការប្រកួតអ្នកគាំទ្ររបស់ក្រុមទាំង២ បានប៉ះទង្គិតគ្នានៅក្នុងបរិវេណកីឡដ្ឋានខេត្តស្វាយរៀង ដែលបានបង្ករបួសស្នាម ដល់អ្នកគាំទ្រភ្នំពេញក្រោនម្នាក់ ក្នុងនោះក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានសម្ដែងការសោកស្ដាយចំពោះបញ្ហានេះ ថែមទាំងបានអំពាវនាវ ដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងពង្រឹងបន្ថែមទៀត នៅសុខសុវត្ថិភាពដល់អ្នកគាំទ្រ។
“ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមសម្តែងនូវការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រោយពីការប្រកួតរបស់យើងទល់នឹងភ្នំពេញក្រោនបានបញ្ចប់ មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រភ្នំពេញក្រោន នឹងអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង។ ក្នុងនាមយើងម្ចាស់ផ្ទះ ពិតជាមានសេចក្តីសោកស្តាយជាខ្លាំងចំពោះហេតុការណ៍បែបនេះកើតឡើងនៅក្នុងកីឡដ្ឋានរបស់យើង។
យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងពង្រឹងបន្ថែមទៀតក្នុងការគ្រប់គ្រងសុខសុវត្ថិភាពដល់អ្នកចូលទស្សនា ដើម្បីធានាអោយបាននូវបរិយាកាសសប្បាយរីករាយ និងភាពជឿជាក់ជូនបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេស ជាពិសេសដើម្បីបង្ការកុំអោយមានហេតុការណ៍បែបនេះកើតឡើងនាពេលក្រោយទៀត”។ សូមអរគុណ!
គួរបញ្ជាក់ថា បញ្ហានេះបានកើតឡើងកាលពីម្សិលមិញថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាដឹកដីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៕