នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ អ្នកភូមិបង្កោង បានរៀបចំពិធីចាប់ត្រីរួមគ្នា

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះអ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នាំគ្នាចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណដែលតែងតែធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ។

ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សាអ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ
លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួមទើបអ្នកភូមិអាចទៅរកចាប់បាន ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះមួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុកម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕
ប្រភព ៖​អាជ្ញាធរជាតិអប្សរា

អត្ថបទដែលជាប់ទាក់ទង