ជូតជត់ណាស់! នាគមាសឈឿង ល្វៃធ្លាប់លួចទៅហាត់ប្រដាល់ដោយលួចលាក់ពីគ្រួសារ

ឈឿង ល្វៃ គឺជាកីឡាករគុនខ្មែរជើងខ្លាំងទម្ងន់ ៧២គីឡូ ប្រចាំក្លិបប្រដាល់ Kun Khmer International Fight Gym  ដែលបានវិវត្តខ្លួនយ៉ាងរហ័ស ជាពិសេសគឺទឹកចិត្តប្រកួតរបស់គេមោះមុត ដែលតែងតែធ្វើឱ្យទស្សនិកជនជក់ចិត្តណាស់។ រូបគេក៏ជាកីឡាករគុនខ្មែរម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត ដែលជាញឹកញាប់បានបន្សល់ស្មាមបែកឱ្យដៃគូដែលជាកីឡាករបរទេសតាមរយៈផ្លែកែងដ៏មុតស្រួចរបស់គេផងដែរ។

ជាការពិតណាស់ដោយសារមើលឃើញគ្រួសារមានជីវភាពខ្វះខាត ឈឿង ល្វៃ បានសុំឪពុកម្តាយបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៨ និងបានចេញទៅបំពេញការងារផ្សេងៗដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ក្នុងនោះក៏ធ្លាប់ធ្វើជាកម្មករបើកឡានដឹកឥវ៉ាន់ឱ្យគេផងដែរ។

ចំណែកប្រវត្តិនៃការចូលហ្វឹកហាត់ប្រដាល់វិញ ឈឿង ល្វៃ បានចូលហ្វឹកហាត់ប្រដាល់ក្នុងអំឡុងឆ្នាំ២០១៧ ពោលគឺនៅពេលដែលរូបគេមានវ័យ២០ឆ្នាំ និងកំពុងបំពេញការងារជាតៃកុងឡានដឹកឥវ៉ាន់ឱ្យគេ។ ការសម្រេចចិត្តចូលក្នុងវិស័យប្រដាល់ កីឡាករវ័យ ២៦ឆ្នាំរូបនេះបញ្ជាក់ថា ដោយសារតែជក់ចិត្តនឹងការប្រកួតរបស់សិស្សច្បងជើងចាស់ បូករួមនឹងចិត្តស្រលាញ់របស់ខ្លួនផង រូបគេក៏បានពឹងឱ្យគេជូនដើររកក្លិបប្រដាល់រហូតបានជួបនិងចូលហ្វឹកហាត់នៅក្លិបប្រដាល់សាលវ័ន្តកីឡា ដែលមានលោក ឡុង សាលវ័ន្ត ជាគ្រូបង្ហាត់ រួចក៏ផ្លាស់ប្តូរទៅក្លិបនាគរាជចតុមុខវិញនៅអំឡុងឆ្នាំ២០១៩ ដែលមានលោក ស្វាយ សុខុន ជាគ្រូបង្ហាត់។

កីឡាករគុនខ្មែររូបនេះ ត្រូវបានក្រុមគ្រួសាររារាំងមិនឱ្យចូលប្រឡូកក្នុងវិស័យប្រដាល់នេះដាច់ខាតដោយសារតែមិនចង់ឱ្យកូនចាប់អាជីពឈឺសាច់មួយនេះ។ ប៉ុន្តែយ៉ាងណាមិញដោយចិត្តស្រលាញ់ ឈឿង ល្វៃ នៅតែបន្តហ្វឹកហាត់ប្រកួតដោយលួចលាក់មិនឱ្យក្រុមគ្រួសារដឹងរហូតមានកេរ្តិ៍ឈ្មោះ ខណៈឪពុកម្តាយក៏ចាប់ផ្តើមលើកទឹកចិត្តនៅការងារដែលជាចំណង់ចំណូលចិត្តរបស់កូនវិញ។

គួរបញ្ចាក់ថានាគរាជខ្មៅ ឈឿង ល្វៃ នឹងត្រូវប្រកួតនៅថ្ងៃទី១២ ខែមិនា ខាងមុខនេះត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់ I-1 World Boxing Champion Gold Belt នៅឯហុងកុង។

 

អត្ថបទដែលជាប់ទាក់ទង