បាល់ទះកម្ពុជាកាន់តែមានសន្ទុះទៅៗហើយ ខណៈសហព័ន្ធត្រៀមពានអន្តរជាតិ ៣ក្នុងឆ្នាំ២០២៤ នេះ…
សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទះអន្តរជាតិចំនួន ៣ ឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជា បង្ហាញសមត្ថភាពក្នុងឆ្នាំ២០២៤ ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ក្នុងឆ្នាំ២០២៥។
ពិតណាស់ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា៖ “ផែនការទី១ គឺសហព័ន្ធបានចុះឈ្មោះក្រុមយុវជនអាយុក្រោម ២១ឆ្នាំ (U21) រួចហើយ ដើម្បីចូលរួមប្រកួតជើងឯកអាស៊ីអាយុក្រោម ២១ឆ្នាំ ពានរង្វាន់នេះ ប្រាក់រង្វាន់តិចទេ ប្រហែលជា ១ម៉ឺនដុល្លារ គ្រាន់តែការចំណាយសំបុត្រយន្តហោះ និងអ្វីផ្សេងទៀត ហោចណាស់ក៏ ២ម៉ឺនដុល្លារ ប៉ុន្តែអ្វីដែលសហព័ន្ធគិតជាចម្បងគឺកិត្តិយសជាតិជាធំ ការចូលរួមនេះមិនមែន ដើម្បីប្រាក់រង្វាន់ទេ ប៉ុន្តែដើម្បីកេរ្តិ៍ឈ្មោះ និងកិត្តិយសសម្រាប់ប្រជាជនខ្មែរ ដូច្នេះហើយបានជាសហព័ន្ធបានដាក់ពាក្យចូលរួមប្រកួតលើឆាកអន្តរជាតិ”។
លោកបាននិយាយទៀតថា៖ “នៅតំបន់អាស៊ាន គេឲ្យកូតាតែ ១កៅអីទេ អីចឹងប្រហែលជាត្រូវប្រកួតជម្រុះ បើតាមខ្ញុំដឹង យើងប្រហែលជាជម្រុះជាមួយវៀតណាម យើងក៏មានឆន្ទៈធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះនេះផងដែរ ហើយទី២ យើងក៏មានផែនការរៀបចំការប្រកួតពានរង្វាន់អន្តរជាតិដែរ វាអាចជា Tri Nations Cup ដែលពាននេះប្រទេសដែលចូលរួមកន្លងមកមានតែម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ប៉ុន្តែឆ្នាំនេះ ខ្ញុំសុំយក Tri Nations Cup មកធ្វើនៅកម្ពុជា”។
លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា៖ “កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះអាចបន្ថែមក្រុមដល់ទៅ ៤ ឬ៥ ឬក៏៦ (Four Nations Cup, Five Nations Cup ឬ Six Nations Cup) ក្នុងនោះអាចមានក្រុមជម្រើសជាតិឡាវ វៀតណាម ឬហ្វីលីពីន ជាដើមចូលរួម ពានរង្វាន់នេះគឺជាការអញ្ជើញចូលរួមរបស់ប្រទេសជាម្ចាស់ផ្ទះប៉ុណ្ណោះ ពោលគឺមិនមែនតាមរយៈសហព័ន្ធតំបន់អាស៊ី ឬពិភពលោកនោះទេ នឹងទី៣ កម្ពុជានឹងចូលរួមប្រកួតពានរង្វាន់ SEA V. League ដែលជាលីគបាល់ទះចូលរួមប្រកួត ដោយក្រុមជម្រើសជាតិនៅតំបន់អាស៊ានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេហ៍ កន្លងមកមានតែ ៤ប្រទេសប៉ុណ្ណោះចូលរួម គឺឥណ្ឌូណេស៊ី ថៃ វៀតណាម និងហ្វីលីពីន សម្រាប់ឆ្នាំ២០២៤ នេះ អាចមានក្រុមចូលរួមប្រកួតរហូតដល់ ៨ប្រទេសក្នុងនោះក៏មានកម្ពុជា និងឡាវ ជាដើម”។
លោកបន្តថា៖ “អ្នកគាំទ្រមួយចំនួនប្រហែលជាគិតថា អូ! កម្ពុជារៀបចំការប្រកួតលីគបាល់ទះមានប្រាក់រង្វាន់តិចណាស់ ប៉ុន្តែបើយើងមើលទៅពានរង្វាន់អន្តរជាតិក្នុងតំបន់ ក៏ប្រាក់រង្វាន់តិចដែរ អ្វីដែលយើងចំណេញនោះ គឺតម្លៃកេរ្តិ៍ឈ្មោះជាតិរបស់យើង មិនមែនរឿងលុយប៉ុណ្ណឹងនោះទេ”។
គួរបញ្ជាក់ថា ទាំងនេះគឺជាទស្សនវិស័យរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាដែលគ្រោងធ្វើឲ្យកើតឡើងនៅក្នុងឆ្នាំ២០២៤ ការចូលរួមប្រកួតពានរង្វាន់អន្តរជាតិទាំងនេះ គឺជាយន្តការដ៏ចម្បងក្នុងការពង្រឹងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រៅពីការបង្ហាញសមត្ថភាពក្នុងតេជោលីគ និងពានរង្វាន់ក្នុងស្រុកផ្សេងៗទៀត ដើម្បីជាការត្រៀមខ្លួនលើឆាកអន្តរជាតិ ដូចជាកីឡាស៊ីហ្គេមជាដើម៕