សុទ្ធតែក្រុមខ្លាំង! ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ឡើងវគ្គ៤ក្រុមពានរង្វាន់សម្ដេចតេជោ
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ បន្ទាប់ពីទទួលបានជ័យជម្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយកាលពីម្សិលមិញនេះ។
ក្នុងការប្រកួតជើងទី២ វិសាខា បានត្រឹមស្មើ ព្រៃវែង ដោយលទ្ធផល ០-០ នៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយកាលពីជើងទី១ទទួលបានជ័យជម្នះ ០-១។ ជាមួយគ្នា ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងធំធេងសម្រាប់ការប្រកួតជើងទី២តាមរយៈលទ្ធផល ៦-០ លើក្រុមណាហ្គាវើលដ៍។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ ៤-១។
រីឯក្លឹបបាល់ទាត់បឹងកេតវិញក៏ធ្វើបានល្អដែរសម្រាប់ការប្រកួតជើងទី២ដោយបានលត់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៤-២។ កាលពីជើងទី១ បឹងកេតក៏ទទួលបានជ័យជម្នះដោយលទ្ធផល ២-៤ ដែរនៅឯកីឡដ្ឋាន AiA Stadium KHM Park។