ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយឆ្នាំមានតែម្ដងបានវិលមកដល់ហើយ ក្នុងក្បួនដង្ហែតុក្កតាយក្សតាមដងវិថីក្រុងសៀមរាប នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:៣០ល្ងាច ក្នុងឆ្នាំនេះ នឹងមានការដង្ហែក្បួនតុក្កតាយក្ស ដែលមួយឆ្នាំមានតែម្តង ពេលនេះបានត្រលប់មកវិញហើយ ដោយសារតែមានការគាំទ្រ និងចូលរួមជាច្រើន បានបន្សល់ទុកនូវស្នាមញញឹម រួមទាំងអនុស្សាវរីយ៍ស្រស់បំព្រងជាច្រើនពីសំណាក់មហាជនដែលមានវត្តមានក្នុងកម្មវិធីនោះ ទើបមានការរំពឹងទុកជាមុនថា នឹងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិច្រើនជាងឆ្នាំមុន។
ជាមួយគ្នានេះផងដែរ ក្នុងឆ្នាំនេះ ប្រជាជនជាច្រើនរួមទាំង ជនបរទេស ប្រជាជនខ្មែរ លោកគ្រូ អ្នកគ្រូ ជាពិសេសគឺកុមារជាង៦០០នាក់ បានមកពីសាលា និងអង្គការផ្សេងៗគ្នា បានចូលរួមបង្កើតនូវតុក្កតាយក្សដើម្បីដង្ហែក្នុងពិធី ហើយទីតាំងដែលមហាជនមកធ្វើតុក្កតាយក្សនេះ គឺស្ថិតនៅក្នុងវត្តដំណាក់ ក្នុងខេត្តសៀមរាប លើសពីនេះទៅទៀត ក្បួនដង្ហែតុក្កតាយក្ស នេះគឺជា «គម្រោងសិល្បៈសហគមន៍ដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៏សម្រាប់កុមារ»។
បន្ថែមពីលើនេះ ការដង្ហែក្បួនតុក្កតាយក្សគឺ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីបច្ចេកទេសមួយចំនួនដែលពាក់ព័ន្ធនឹងការដំឡើងតុក្កតាយក្ស និងការផលិត អ្នកចូលរួមក្នុងការធ្វើតុក្កតាយក្សទាំងអស់ គឺសុទ្ធតែទទួលបាននូវបទពិសោធន៍ក្នុងការជួយគ្នា សាមគ្គីភាព រួមទាំងបទពិសោធន៍ថ្មីៗជាច្រើន ព្រមទាំងការចងចាំដ៏អស្ចារ្យផងដែល ហើយព្រឹត្តិការណ៍មួយនេះក៏បានជួយលើកស្ទួយទៅដល់វិស័យសិល្បៈ វប្បធម៌ អរិយធម៌ និងបរិស្ថានរបស់កម្ពុជាផងដែរ។
រូបភាព ៖ រំដួលនគរ
អត្ថបទដោយ៖ sikuses