ព្រះសង្ឃ ចំនួន៤០០ អង្គនឹង គោចរបិណ្ឌបាត្រ ក្នុងព្រះរាជពិធីបុណ្យគម្រប់ប្រាំពីរថ្ងៃ សម្ដេចសង្ឃ​ ទេព វង្ស នៅថ្ងៃស្អែក

បើយោងតាមរយៈផេក វត្តឧណ្ណាលោម បានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៤នេះ ស្ដីពីការនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៤០០ អង្គ ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបដិសន្ធិវិញ្ញាណ ព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។​

គណៈគ្រប់គ្រងបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨ រោច ខែមាឃ ឆ្នាំថោះ បពា្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១ : ០០ នាទីព្រឹក នឹងមានការរៀបចំពិធីរាប់បាត្រប្រគេងព្រះសង្ឃចំនួន ៤០០ អង្គ និងដារឆ្លងគម្រប់ប្រាំពីរថ្ងៃ ក្នុង​ព្រះរាជពិធីបុណ្យព្រះបរមសពថ្វាយសម្ដេចព្រះ មហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

អាស្រ័យហេតុនេះ សូមសម្ដេចទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋានមេត្តាជ្រាបព័ត៌មាន និងអញ្ជើញចូលរួមដោយសេចក្ដីជ្រះថ្លាក្នុងមហាកុសលរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង