សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ តាមចង្វាក់ស៊ីផ្លេរបស់រថយន្តធំៗ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់

នៅថ្មីៗនេះសង្កេតឃើញថាមានយុវជនប្រុសស្រី និងក្មេងៗមួយចំនួនបាននាំគ្នាធ្វើសកម្មភាពដោយសុំឲ្យរថយន្តធំៗស៊ីផ្លេចេញជាបទភ្លេង និងរាំលេងនៅតាមដងផ្លូវយ៉ាងសប្បាយ ព្រមទាំងថតជាវីដេអូចែករំលែកនៅលើបណ្ដាញសង្គមថែមទៀត ដែលជាហេតុធ្វើឲ្យអ្នកផ្សេងទៀតបានឃើញហើយយកទៅអនុវត្តតាមគ្នា នៅតាមតំបន់នីមួយៗដែលពួកគេរស់នៅ ដោយធ្វើឲ្យសកម្មភាពរាំលេងតាមដងផ្លូវនេះកាន់តែមានច្រើនឡើងជាបន្តបន្ទាប់ ។

ខណៈនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបភាពនៃវីដេអូដែលប្រជាពលរដ្ឋរាំតាមចង្វាក់ស៊ីផ្លេរបស់រថយន្តធំៗដោយ សម្ដេចធិបតី មានប្រសាសន៍ណែនាំ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឲ្យមានគ្រោះថ្នាក់បាន ។​

យោងតាមរយៈខ្លឹមសាររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឲ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឲ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្ដេចធិបតី សូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេស សម្ដេចធិបតី សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឲ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឲ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ៕

ប្រភព ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត

អត្ថបទដែលជាប់ទាក់ទង