កីឡាការិនីល្បុក្កតោ ម៉ៅ លក្ខិណា បង្ហាញនូវមោទកភាព ក្រោយដណ្តើមបានមេដាយមាសជូនជាតិ
កម្ពុជា បានទទួលមេដាយ ៩គ្រឿង ដោយក្នុងនោះមេដាយមាស៥ និងប្រាក់៤ សម្រាប់ការប្រកួតថ្ងៃទី៤ ខែឧសភា លើពីវិញ្ញាសា គុនល្បុកតោ និងជឺជិតស៊ូពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ខណៈកីឡាការិនីគុនល្បុក្កតោ ម៉ៅ លក្ខិណា ដែលឈ្នះមេដាយមាស១ គ្រឿង បានបង្ហាញនូវមោទកភាព ក្រោយឈ្នះមេដាយមាសលើវិញ្ញាសាសម្តែងនារីឯកត្តជន។
ម្ចាស់មេដាយមាសរូបនេះ បានបង្ហាញអារម្មណ៍រំភើប ដែលបានប្រកួតតំណាងឱ្យប្រទេសកម្ពុជា ជាពិសេសការទទួលបានមេដាយមាសជូនជាតិ១ គ្រឿងផងដែរ។ បន្ថែមលើនេះ នាងបានបង្ហាញពីការតាំងចិត្ដរបស់ខ្លួនថា នាងនឹងដណ្ដើមឱ្យបាននូវមេដាយមាសជូនជាតិ នៅក្នុងការប្រកួតវិញ្ញាសាបន្ទាប់ទៀត។ កីឡាការិនី ម៉ៅ លក្ខិណា បញ្ជាក់យ៉ាងដូច្នេះថា
«ខ្ញុំនឹងធ្វើឱ្យបានកាន់តែល្អ នៅក្នុងការប្រកួតក្រោយទៀត នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ»។
ជាមួយគ្នានេះដែរ កីឡាការិនីគុនល្បុក្កតោខ្មែរ ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលបានមកគាំទ្រ និងលើកទឹកចិត្ដរូបនាង និងក្រុមអត្តពលិកកម្ពុជា ដល់កីឡាករទីលានប្រកួតផ្ទាល់ផងដែរ៕