គ្រូវ័យក្មេងម្នាក់ដែលល្បីថាមើលឃើញបីភព ពេលនេះត្រូវបានមន្ទីរធម្មការនិងសាសនា ណែនាំឲ្យបញ្ឈប់សកម្មភាព
កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គម Tiktok ផ្ទុះការចាប់អារម្មណ៍ទៅលើក្មេងស្រីម្នាក់ ដែលបានអះអាងថាខ្លួនគឺជាគ្រូក្មេងម្នាក់ ដែលអាចមើលឃើញបីភព អាចទស្សន៏ទាយ និងដោះអំពើជាដើម តាមរយៈការបញ្ជាក់ថាខ្លួនជាគ្រូវ័យក្មេងដែលខ្លាំងពូកែបែបនេះ ក៏ស្រាប់តែមានអ្នកដែលមានជំងឺនិងខ្វះការពិចារណា បាននាំគ្នាទៅផ្ទះរបស់គ្រូក្មេងម្នាក់នោះយ៉ាងច្រើនកុះករ។
ខណៈនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាប់សរសៃ ឈ្មោះ សុត កុសល្យ និងកូនស្រីឈ្មោះ កុសល្យ សុខមីល ហៅគ្រូក្មេងមើលឃើញបីភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយមន្ទីរធម្មការបានកំណត់ហេតុណែនាំឲ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។លោក សុត កុសល្យ (គ្រូចាប់សរសៃ) និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ។
ជាមួយគ្នានោះប្រធានមន្ទីរធម្មការក៏បានអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ប្រភព ៖ មន្ទីរធម្មការនិងសាសនា