លោក មាស រិទ្ធី ចេញលិខិតសុំទោសជាសាធារណៈ ជុំវិញករណីផ្សព្វផ្សាយព័ត៌មានមិនពិតចំពោះរឿងសង្រ្កាន្តឆ្នាំថ្មី

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតជម្រាបជូន លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ករណីដែលលោក មាស រិទ្ធី ជាអ្នកអត្ថាធិប្បាយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ តថភាពពិតនិងវប្បធម៌ប្រពៃណីជាតិ។

ក្នុងនោះក្រសួងបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវមួយពាក់ព័ន្ធ នឹងបុណ្យសង្រ្កាន្តខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាងបន្ថែមទៀត ហើយការអធិប្បាយនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ ជាពិសេសបានឲ្យមានការយល់ច្រឡំពីសាធារណៈជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួលច្របល់ក្នុងសង្គម ។លើសពីនោះក្រសួងក៏បានស្នើសុំលោក ឧកញ៉ា ចាត់វិធានការបន្ទាន់លុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឲ្យបានឆាប់រហ័សបំផុត ។

ជុំវិញការស្នើសុំពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងថ្ងៃដដែលនោះ លោក មាស រិទ្ធី ក៏បានចេញលិខិតសុំទោសជាសាធារណៈដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបានសម្ដែងនូវការសោកស្ដាយចំពោះការអត្ថាធិប្បាយ មិនបានគ្រប់ជ្រុងអំពីសង្រ្កាន្តឆ្នាំថ្មី នៅក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹកវគ្គ ១ ។ ដោយលោកសុំទទួលយកនូវការកែតម្រូវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈការពន្យល់ដែលមានឯកសារជាប្រវត្តិសាស្រ្ត ៕

អត្ថបទដែលជាប់ទាក់ទង