អត្តពលិកគុនខ្មែររបស់កម្ពុជា ២រូបឈរចាំវគ្គផ្តាច់ព្រ័ត្រ ក្រោយចាប់ឆ្នោតវិញ្ញាសាគុនខ្មែរ
បន្ទាប់ពីការចាប់ឆ្នោតលើវិញ្ញាសាគុនខ្មែរ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ យ៉ាងហោចណាស់ក្រុមអត្តពលិកកម្ពុជាចំនួន៧រូប បានឡើងទៅឈរចាំនៅវគ្គផ្តាច់ព្រ័ត និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច ។
តាមរយៈការចាប់ឆ្នោតនៅថ្ងៃទី៥ ខែឧសភានេះ កីឡាករ ព្រំ សំណាង ឈរចាំនៅវគ្គផ្តាច់ព្រ័ត្រជាស្រេច ដោយរង់ចាំការឈ្នះរវាងកីឡាករមកពីវៀតណាម និងមីយ៉ានម៉ា។ ចំណែកកីឡាករ ឡៅ ចន្ទ្រា ក៏ឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំការឈ្នះរវាងកីឡាករមកពីប្រទេសវៀតណាម និងមីយ៉ានម៉ាដូចគ្នា។ ចំណែកកីឡាករ រឿង សោភ័ណ្ឌ, ឡៅ ចិត្រា, ហ៊ឹម គឹមរាង, ផុន ពិសិដ្ឋ, និងកីឡាការិនី សំ សំណាង ឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយឡែក ចំពោះកីឡាករដែលត្រូវប្រកួតនៅថ្ងៃបើកឆាកលើវិញ្ញាសាគុនខ្មែរ មានវិញ្ញាសាសំដែង គុនគ្រូ បុរស-នារី។ រីឯវិញ្ញាសាប្រយុទ្ធមានកីឡាករ ខាំ ខ្លានាង ជួបជាមួយកីឡាករហ្វីលីពិន, កីឡាការិនី ឆា ចាន់ដែង ជាមួយកីឡាការិនី វៀតណាម, កីឡាការិនី សឿង ម៉ឺយ ជួបជាមួយកីឡាការិនីឡាវ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតវិញ្ញាសារគុនខ្មែរ នៅស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានដាក់វិញ្ញាសា១៩ ក្នុងនោះ នារី មាន៦វិញ្ញាសា បុរសមាន១១វិញ្ញាសា និងវិញ្ញាសាសម្តែងមាន ២វិញ្ញាសា ដែលត្រូវប្រកួតចាប់ពីថ្ងៃទី៦ ស្អែកនេះ ដល់ទី១១។ ចំណែកវិញ្ញាសារឃីកបុកស៊ីង ម្ចាស់ផ្ទះកម្ពុជា ដាក់កីឡាករ ១២រូប និងកីឡាការិនី ៥រូប ដើម្បីប្រកួតលើវិញ្ញាសាចំនួន ១៧ ដែលមានក្នុងស៊ីហ្គេម ហើយត្រូវប្រកួតចាប់ពីថ្ងៃទី១១ ដល់១៦ ខែឧសភាតទៅ៕