ខេត្តគំរូ !បាត់ដំបង កំពុងសាកល្បងមិនលក់គ្រឿងស្រវឹង និងបារីឲ្យមនុស្សអាយុក្រោម១៨ឆ្នាំនៅសាលគោលដៅចំនួន៥ ដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្ស

កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានប្រារព្ធពិធីប្រគល់ស្លាកសញ្ញាសម្រាប់ម្ចាស់ហាង ដែលចូលរួមមិនលក់គ្រឿងស្រវឹង និងបារីឲ្យមនុស្សអាយុក្រោម១៨ឆ្នាំ ដែលរៀបចំដោយអង្គការ Great Peace Cambodia ដោយម្ចាស់ហាងចំនួន១០រូប អញ្ជើញមកពីក្រុងបាត់ដំបងចំនួន០៤រូប និងស្រុកបវេលចំនួន០៦រូប ដែលពួកគាត់កំពុងលក់ដូរក្បែរសាលាសហការទាំង០៥ រួមមាន វិទ្យាល័យក្ដុលដូនទាវ និងអនុវិទ្យាល័យវត្តគរ ក្នុងក្រុងបាត់ដំបង និងវិទ្យាល័យល្វា អនុវិទ្យាល័យព្រៃខ្ពស់ និងអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល។

ជុំវិញពិធីប្រគល់ និងទទួលនេះដែរ គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា មានសិស្សានុសិស្សបានប្រើប្រាស់គ្រឿងស្រវឹង និងបារី ដែលជាផ្នែកមួយជំរុញឲ្យសិស្សឈានទៅរកការបោះបង់ការសិក្សា ទើបអង្គការ Great Peace Cambodia បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រដ្ឋបាលក្រុង ស្រុក និងសាលាគោលដៅចំនួន៥ ខាងលើក្នុងការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់នូវបរិយាកាសនៃការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ដែលកើតឡើងពីការប្រើប្រាស់គ្រឿងស្រវឹង និងបារី ។

លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានជំរុញឲ្យសាលារៀនគោលដៅ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយអង្គការ Great Peace កម្ពុជា ព្រមទាំងក្រុមអាជីវករ សូមផ្សព្វផ្សាយបន្ថែម និងអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូមចែករំលែកអនុវត្តនូវកម្មវិធីនេះឲ្យបានទូលំទូលាយថែមទៀត ព្រោះកម្មវិធីនេះបានជួយយ៉ាងច្រើនទៅដល់សិស្សានុសិស្ស អាយុក្រោម១៨ឆ្នាំ នឹងអាចជៀសផុតពីជំងឺមិនឆ្លង គឺជាឃាតករលាក់មុខ ដែលធ្វើឲ្យធនធានមនុស្សរបស់យើងចុះខ្សោយមិនរឹងមាំ ដូចនេះសូមបន្តជួយជ្រោមជ្រែងគ្នាថែមទៀត ទើបកម្ពុជាមានធនធានមនុស្សប្រកបដោយគុណភាព និងសំបូរបែប ដើម្បីកសាងប្រទេសជាតិយើង ៕

ប្រភព ៖ CNC

អត្ថបទដែលជាប់ទាក់ទង