លោក ម៉ានី ផាកគីអាវ កំពូលកីឡាករប្រដាល់ និងភរិយាបានអញ្ជើញទៅទស្សនាប្រាសាទជាច្រើនកន្លែងនៅលើទឹកដីអង្គរ

បើយោងតាមរយៈការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា បន្ទាប់ពីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅវិមាន៧មករារួចមក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន រួមជាមួយភរិយារបស់លោកក៏បានបន្តដំណើរទៅកាន់ខេត្តសៀមរាប ហើយបានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យក្នុងពិភពលោក។

ក្នុងនោះលោក និងភរិយាបានថតរូបភាពស្អាតៗជាច្រើនជាមួយប្រាសាទដែលអ្នកទាំងពីរបានទៅទស្សនា អមជាមួយទឹកមុខ និងស្នាមញញឹមយ៉ាងសប្បាយដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។

សកម្មភាពនៃដំណើរទស្សនកិច្ចរបស់លោក ម៉ានី ផាកគីអាវ រួមជាមួយភរិយា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធម៌ និងភាពទាក់ទាញរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេស សកម្មភាពនេះក៏ជាផ្នែកមួយនៃការជំរុញផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ ផងដែរ៕

ប្រភព ៖ ក្រសួងទេសចរណ៍

 

អត្ថបទដែលជាប់ទាក់ទង