ឯកឧត្ដម គួច ចំរើន បញ្ជាក់ថាទីងមោងពុំមានការបិទនោះទេ តែលោកស្នើសុំឲ្យរៀបចំដោយមានសណ្ដាប់ធ្នាប់ល្អ ដើម្បីរក្សាបាននូវគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ

កាលពីពេលថ្មីៗនេះមានគណនី Facebook ឈ្មោះ ទីងមោង វត្តសូរភី ទីងមោង វត្តតាលន់ និងផេកឈ្មោះ AromSol-អារម្មណ៍សល់ បានបង្ហោះសាររៀបរាប់ពីការសោកស្ដាយ នៅពេលដែលទទួលបានដំណឹងថា ទីងមោងទាំងអស់នៅក្នុងវត្ត ទូទាំងខេត្តកណ្ដាលនឹងត្រូវបិទ ដោយក្នុងនោះផេកខាងលើបានរៀបរាប់ថា « ក្នុងនាមពួកខ្ញុំអ្នកជាកូនអ្នកស្រុកស្អាង នៅពេលដែលខ្ញុំបានឮដំណឹងថា ទីងមោងទាំងអស់នៅក្នុងវត្ត ទូទាំងខេត្តកណ្ដាលត្រូវបិទ ពួកខ្ញុំពិតជាសោកស្ដាយជាខ្លាំង និងសុំទោសជាខ្លាំងចំពោះជីដូនជីតាដែលពួកខ្ញុំមិនអាចធ្វើអ្វីបាន ដើម្បីថែរវប្បធម៌មួយនេះបាន បើអាចសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមយោគយល់ដល់ពួកខ្ញុំជាកូនអ្នកខេត្តកណ្ដាលផងចុះ ដែលថែវប្បធម៌មួយនេះផងចុះ បើតាមលក្ខខណ្ឌរបស់ពួកខ្ញុំក្នុងមួយវត្ត (ក្នុងមួយវត្តអនុញ្ញាត អោយហែ១៥ទៅ១៦ទីងមោងចុះ) ក្នុង១ឆ្នាំសុំតែ៣ថ្ងៃ ចំពោះកាហែទៅចុះ »។

យ៉ាងណាមិញក្រោយទទួលបានដំណឹងពីបញ្ហានេះ និងបានឃើញពីការបង្ហោះសាររបស់អ្នកបងប្អូនអ្នកស្រុកស្អាងហើយនោះ ស្រាប់តែឯកឧត្ដម គួច ចំរើន ដែលជាអភិបាលខេត្តកណ្ដាល បានចេញមកបង្ហោះសារ និងបានបញ្ជាក់ឲ្យបានដឹងច្បាស់ៗថា ទីងមោងពុំមានការបិទនោះទេ តែលោកស្នើសុំឲ្យរៀបចំដោយមានសណ្ដាប់ធ្នាប់ល្អ ដើម្បីរក្សាបាននូវគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ ក្នុងនោះលោកបានរៀបរាប់ថា «ខ្ញុំបានឃើញការផ្សព្វផ្សាយអំពីទីងមោងថាត្រូវបានបិទ ខ្ញុំសូមបញ្ជាក់ថាពុំមានការបិទទេ ហើយស្នើសុំឲ្យរៀបចំ ដោយមានសណ្ដាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់នៅពេលខាងមុខ » ។

តាមរយៈការបញ្ជាក់ច្បាស់ៗបែបនេះពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើឲ្យបងប្អូននៅក្នុងខេត្តកណ្ដាល និងអ្នកស្រលាញ់ថែរក្សាទីនមោង បានសម្ដែងនូវក្ដីរំភើបនិងសប្បាយចិត្តជាខ្លាំងចំពោះដំណឹងមួយនេះ ដែលទីងមោងនៅតែមានវត្តមានក្នុងវត្តដូចពីមុនដដែល ។

គួរបញ្ជាក់ផងដែរថាឯកឧត្ដម គួច ចំរើន ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ផ្ទេរ និងតែងតាំងជាអភិបាលខេត្តកណ្ដាល តាមរយៈព្រះរាជក្រឹត្យមួយចុះកាលពីថ្ងៃទី២៤ ខែមិថុនា។ ពិធីចូលកាន់តំណែងផ្លូវការត្រូវបានរៀបចំឡើងកាលព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស សុខា ជារដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ មុនចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាលនេះ លោក គួច ចំរើន បានកាន់តួនាទីជាអភិបាលព្រះសីហនុ បានរយៈពេល ៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១៩មក៕

អត្ថបទដែលជាប់ទាក់ទង