ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ចាប់ផ្ដើមមានបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរចេញទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌបណ្ដើរៗហើយ ។
បើយោងតាមរយៈការបង្ហោះរបស់រដ្ឋបាលរាជធានីភ្នំពេញ នៃទិដ្ឋភាពដែលបងប្អូនប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅស្រុកកំណើតតាមរយៈរថយន្តក្រុង ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ” ដោយជិះមិនបង់ប្រាក់ ” ដើម្បីជួយសម្រួលដល់ការចំណាយផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ។
បន្ថែមពីនោះក្នុងអំឡុងពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំដដែល បងប្អូនក៏អាចធ្វើដំណើរទៅលេងកម្សាន្តតាមបណ្ដាខេត្តនានា ដូចជានៅតំបន់ភូមិភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ដោយជិះមិនបង់ប្រាក់ផងដែរ ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ