កីឡាករ សែន ចន្ទឫទ្ធីគុន នឹងឡើងប្រកួតដណ្តើមខ្សែក្រវាត់នៅម៉ាឡេស៊ី នាល្ងាចនេះ

នៅយប់ថ្ងៃសៅរ៍ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករប្រេស៊ីល-កម្ពុជា សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ នឹងឡើងប្រកួតដណ្តើមខ្សែក្រវាត់ នៅប្រទេសម៉ាឡេស៊ីជាមួយកីឡាករថៃ ដែន កៅសែន ក្នុងនាមជាគូឯកប្រចាំព្រឹត្តិការណ៍ដ៏ធំមួយនេះ ។

អំឡុងពេលធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កីឡាករ សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ បានបញ្ជាក់ប្រាប់មហាជន និងអ្នកគាំទ្ររបស់ខ្លួនក្នុងពេលផ្តល់បទសម្ភាសដល់ក្រុមអ្នកការសែតថា លោកទៅប្រកួតនៅក្រៅប្រទេសជាលើកទី២នេះ ក៏មិនខុសពីលើកមុនដែរ គឺទៅប្រកួតតំណាងឱ្យគុនខ្មែរ និងប្រជាជនកម្ពុជាក្នុងនាមលោកជាជនជាតិខ្មែរម្នាក់ផងដែរ។ ធីអាហ្គោ បញ្ជាក់យ៉ាងដូច្នេះថា៖

«ច្បាស់ណាស់ខ្ញុំប្រកួតតំណាងឱ្យគុនខ្មែរ ក្នុងនាមជាពលរដ្ឋខ្មែរស្របច្បាប់។ ទង់ជាតិនៅហ្នឹងដៃរបស់ខ្ញុំ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីការប្រកួតខាងមុខនេះ។ ខ្ញុំនឹងធ្វើឱ្យបានល្អបំផុតដើម្បីគុនខ្មែរ ដើម្បីអ្នកគាំទ្រកម្ពុជា និងដើម្បីមាតុភូមិរបស់ខ្ញុំ»។

សូមបញ្ជាក់ថា នេះជាការចេញទៅប្រកួតនៅក្រៅស្រុកជាលើកទី២ ចាប់តាំងពីកីឡាករ ធីអាហ្គោ មកប្រកួតនៅស្រុកខ្មែរ ដណ្តើមខ្សែក្រវាត់IPCC Kun Khmer World Championship ហើយរងបរាជ័យក្រោយកីឡាករ ធឿន ធារ៉ា ផ្តួលនៅទី៤ ដោយប្រើស្នៀតកែងឆេះ។ ដ្បិតថាកីឡាករ ធីអាហ្គោ រងបរាជ័យរបូតខ្សែក្រវាត់គុនខ្មែរពិភពលោកពិតមែន ប៉ុន្តែរូបគេបែរជាទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រកម្ពុជាទូទាំងប្រទេស ។

អត្ថបទដែលជាប់ទាក់ទង