លោក សៅ សុខា នឹងបន្តកាន់ដំណែងជាប្រធាន FFC បន្ទាប់ពីមានការអំពាវនាវពីថ្នាក់លើ
បន្ទាប់ពីកម្ពុជារងបរាជ័យក្រោមថ្វីជើងក្រុមភូមា ដោយបញ្ចប់លទ្ធផល ០-២ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ភ្លាមៗនោះ លោក សៅ សុខា ដែលជាប្រធានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា បានសម្រេចចិត្តចុះចេញពីតំណែងតែម្ដង តបតាមការបញ្ជាក់របស់លោកនាពេលកន្លងមក។ យ៉ាងណា នៅយប់ថ្ងៃទី៨ ឧសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រធានសហព័ន្ធកីឡាបាល់ទាត់រូបនេះនៅបន្តដឹកនាំស្ថាប័នមួយនេះតទៅទៀត ។
ដោយគោរពតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក សៅ សុខា ក៏បានសម្រេចចិត្តបន្តកាន់តំណែងជាប្រធានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជានេះវិញ និងបានណែនាំមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ធ្វើកំណែទម្រង់ពង្រឹងគុណភាពកីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិ និងលីគកំពូលកម្ពុជា ដើម្បីជ្រើសរើសក្រុមជម្រើសជាតិមួយ ដែលមានសក្តានុពល ទាំងសមត្ថភាព កាយសម្បទា បច្ចេកទេសប្រកួត ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានោះ នៅក្នុងសារលិខិតរបស់ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា៖
«ខ្ញុំសូមគោរពទទួលយក នូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយមស្នេហាវិស័យបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីទ្បា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា ទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន»។
«ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីទ្បាបាល់ទាត់កម្ពុជា ខ្ញុំសូមធ្វើការអំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីទ្បាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែក ដើម្បីភាពជឿនលឿនថ្មី សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិ តាមរយៈការប្រកួតកីទ្បាបាល់ទាត់ ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល»។
សូមបញ្ជាក់ថា ការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវលេងជាមួយក្រុមឥណ្ឌូណេស៊ី នាវេលាម៉ោង១៩:០០ យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ៕