បរាជ័យរបស់ប្ញទ្ធីគុន នៅសង្វៀនអន្តរជាតិរៀបចំដោយមួយថៃ ជាការបញ្ជាក់ច្បាស់ពីចរិតសៀមលើខ្មែរ
ការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃនៅប្រទេសម៉ាឡេស៊ី ដែលជាការរៀបចំក្រោមឥទ្ធិពល នៃក្រុមគណៈកម្មការមួយថៃនោះ បានបង្ហាញយ៉ាងច្បាស់ពីភាពអយុត្តិធម៌ និងការរើសអើងរវាងផ្នត់គំនិតជនជាតិសៀម និងខ្មែរ។ ដោយសារថៃ បានបាក់មុខខ្លាំងនៅឆាកអន្តរជាតិ ខណៈដែលកីឡាករបរទេសម្នាក់ ហ៊ានទម្លាយរឿងពិតប្រាប់ពិភពលោក ដូច្នេះការហៅខ្មែរទៅបំបាក់មុខវិញ ជារឿងចៀសមិនផុតដែលកីឡាករគុនខ្មែរគួរប្រុងប្រយ័ត្ន ។
មិនថាអ្នកគាំទ្រកម្ពុជា និងអន្តរជាតិសុទ្ធតែមើលឃើញថា កីឡាករ សែន ចន្ធរិទ្ធីគុន ឬធីអាហ្គោ ជាអ្នកមានប្រៀបខ្លាំងទាំងការដើរចូលវាយគូប្រកួត និងបច្ចេកទេសវាយសន្ធាប់លើដៃគូ ប៉ុន្តែលទ្ធផលបែរជាផ្ទុយពីការពិត ខណៈភាគីថៃ ឌែន កៅសែន គ្រាន់តែថយ និងចាំត្រង់វាយមួយៗ ត្រូវលោកអាជ្ញាកណ្ដាលលើកដៃប្រគល់ជ័យជម្នះ និងទទួលបានខ្សែក្រវាត់ពីកម្មវិធី។
មែនទែនទៅ ការប្រកួតតែងមានឈ្នះចាញ់ជារឿងធម្មតា ប៉ុន្តែសកម្មភាពរបស់ថៃបច្ចុប្បន្ន ធ្វើមកលើកម្ពុជា គឺវាមិនធម្មតាពេកទេ ពួកគេតែងព្យាយាមកាច់បំបាក់ខ្មែរ គ្រប់វិធីទាំងអស់ ដូច្នេះ ក្រុមអត្តពលិក និងអ្នកដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តយកកីឡាករទៅប្រកួតនៅក្រៅស្រុក។
យើងបានចាញ់ប្រៀបគេតាំងពីចាប់ផ្តើមមុនទៅហើយ ព្រោះយើងចេញទៅវ៉ៃតំណាងគុនខ្មែរ តែទៅដណ្តើមខ្សែក្រវាត់មួយថៃ រឿងអីថៃឱ្យយើងឈ្នះ ទោះបីប្រទេសម៉ាឡេស៊ីជាអ្នករៀបចំព្រឹត្តិការណ៍នោះក៏ដោយ ក៏អ្នករៀបចំស្ថិននៅក្នុងចង្កោមក្រោមគុនថៃដែរ។ យ៉ាងណា នេះជាបទពិសោធដ៏ធំមួយដែលកីឡាករកម្ពុជា គួរយកធ្វើជាគំរូ និងត្រូវគិតឱ្យគ្រប់ជ្រុងជ្រោយ មុនចេញទៅប្រកួត កុំឃើញនុយផ្កាននោង ចេះតែត្របាក់ដូចសត្វកង្កែបនោះ ៕