ព្រំ សំណាង នឹងត្រូវទៅប៉ះកីឡាករកំពូលរបស់ភូមា Tun Tun Min ដើម្បីដណ្តើមមេដាយមាសវិញ្ញាសាគុនខ្មែរ

វិញ្ញាសាគុនខ្មែរ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្រុមអត្តពលិកកម្ពុជា បានឈានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសស្ទើរមិនគួរឱ្យជឿ ពោលគឺកីឡាករ-កីឡាការិនីកម្ពុជា១៥នាក់ ដែលនឹងត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំង៦ក្នុងតំបន់។ ក្នុងចំណោម ដៃគូកីឡាករ ព្រំ សំណាង ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះជាកីឡាករលំដាប់កំពូលរបស់ប្រទេសភូមា…។

យោងតាមកាលវិភាគរបស់គណៈកម្មកាប្រកួតវិញ្ញាសាគុនខ្មែរ នៅស៊ីហ្គេម លើកទី៣២នេះ បានឱ្យដឹងថា កីឡាករ ព្រំ​សំណាង ដែលចាប់ឆ្នោតអង្គុយចាំបេក្ខភាពឡើងពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ពេលនេះ ដឹងច្បាស់ហើយ គឺជាកំពូលអ្នកប្រយុទ្ធគុនឡេតវេយ៍ ដ៏ល្បីប្រចាំប្រទេសភូមា កីឡាករ Tun Tun Min និងជាម្ចាស់ខ្សែក្រវាត់ឡេតវេយ៍ប្រចាំប្រទេសភូមាផងដែរ។ កីឡាករ ទន់ ទន់មីង បានផ្តួលកីឡាករវៀតណាម នៅវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជាកីឡាករ ធ្លាប់ប្រកួតជាមួយស្តេចប្រដាល់គុនឡេតវេយ៍ភូមា Dave Leduc ផងដែរ ដូច្នេះ វាមិនងាយស្រួលពេកទេ សម្រាប់កីឡាករ ព្រំសំណាងយកឈ្នះលើកីឡាកររូបនេះ។ យ៉ាងណា មហាជនសង្ឃឹមថា កីឡាករ ព្រំ សំណាង នឹងធ្វើបានល្អមិនខាន នាការប្រកួតនោះ ឬអាចនិយាយបានថា ការប្រកួតស្អែកនេះ ជាការជួបគ្នានៃកំពូលអ្នកខ្លាំងពីររូបនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ផងដែរ។

គូសបញ្ជាក់ផងដែរថា នេះចាត់ទុកជាមោទកភាពមួយសម្រាប់វិញ្ញាសារ «គុនខ្មែរ» ដែលប្រទេសភូមាបានចូលរួមប្រកួតប្រជែងក្រោយប្រទេសកម្ពុជាសម្រេចលុបចោលវិញ្ញាសាមួយរបស់ថៃ ខណៈវិញ្ញាសាមួយថៃ ដែលបានដាក់បញ្ចូលមុនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មិនត្រូវបានប្រទេសភូមា ចូលរួមប្រកួតប្រជែងយកមកមេដាយនោះឡើយ និងមិនទទួលស្គាល់វិញ្ញាសាមួយ របស់ថៃមួយនេះថែមទៀតផង។

អត្ថបទដែលជាប់ទាក់ទង