ពិតជាអស្ចារ្យ! កម្ពុជាឈ្នះមេដាយមាស៧ និងប្រាក់២ ក្នុងវិញ្ញាសាគុនខ្មែរ

ក្នុងចំណោមអត្តពលិកកម្ពុជាទាំង៩រូប មានតែកីឡាការិនី២រូបប៉ុណ្ណោះដែលរងបរាជ័យឈ្នះត្រឹមមេដាយប្រាក់ ក្រៅពីនោះឈ្នះមេដាយមាសទាំងអស់។ កីឡាករ៧រូប បានប្រកួតប្រជែងដណ្តើមមេដាយមាស៧គ្រឿងយ៉ាងស្វិតស្វាញ ខណៈអ្នកគាំទ្រជាង១ម៉ឺននាក់ បានសម្រុកទៅទស្សនាផ្ទាល់ដល់ទីតាំងប្រកួត និងមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ទៀតដែលបានទស្សនាតាមកញ្ចក់ទូរទស្សន៍ និងទូរសព្ទដៃ ។

គិតត្រឹមម៉ោង១៨:០០នាទីរសៀលថ្ងៃទី១១ឧសភា ដែលជាថ្ងៃបិទបញ្ចប់វិញ្ញាសាគុនខ្មែរ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នៅកម្ពុជា ក្រុមអត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស៧គ្រឿង មេដាយប្រាក់២គ្រឿង បន្ថែមទៀត នាំឱ្យកម្ពុជាហក់មកឈរលេខ២ក្នុងតារាងមេដាយស៊ីហ្គេម លើកទី៣២ ជាបណ្តោះអាសន្នសាជាថ្មីម្ដងទៀត ដោយដណ្តើមបានមេដាយមាសសរុប៥៥គ្រឿង មេដាយប្រាក់៤៤គ្រឿង និងមេដាយសំរឹទ្ធ៥៤គ្រឿង។ ចំណែកប្រទេសវៀតណាម ឡើងមកកំពូលតារាង មានមេដាយមាសសរុប៥៧គ្រឿង មេដាយប្រាក់៥៥ និងមេដាយសំរឹទ្ធ៧១គ្រឿង។ ប្រទេសថៃ ធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣ មានមេដាយមាសសរុប៥៤គ្រឿង មេដាយប្រាក់៣៩គ្រឿង និងមេដាយសំរឹទ្ធ៥៨គ្រឿង។

ចំពោះកីឡាករដណ្តើមបានមេដាយមាសសម្រាប់ថ្ងៃបិទបញ្ចប់នេះ រួមមាន៖
ទី១.កីឡាករ ឃួន ឡាំងកូស៊ីន ឈ្នះលើប្រភេទទម្ងន់៥៧គ.ក្រ ជាមួយកីឡាករហ្វីលីពីន គ្រីស្ទាន សាលាតាន់ ណាកា (Kristian Salatan Narca),
ទី២. កីឡាករ ឈុត សេរីវ៉ាន់ថង ឈ្នះលើប្រភេទទម្ងន់៦០គ.ក្រ ជាមួយកីឡាករឡាវ អាត់ថាសៃ ស៊ីហាបុត (Attaxay Sihabout),
ទី៣ កីឡាការិនី ទូច ចាន់វត្តី ឈ្នះលើប្រភេទទម្ងន់៥៤គ.ក្រ ជាមួយកីឡាការិនីវៀតណាម ង្វៀង ធីចូវ (Nguyen Thi Chieu),
ទី៤. កីឡាករ ឃុន បូរ៉ា ឈ្នះលើប្រភេទទម្ងន់៦៣,៥គ.ក្រ ជាមួយកីឡាករឡាវ ស៊ូប៊ីញ បានសាដេត (Soubinh Banxadeth),
ទី៥.កីឡាករ ទិត សោភ័ណ្ឌ ឈ្នះលើប្រភេទទម្ងន់៧១គ.ក្រ ជាមួយកីឡាករវៀតណាម ង្វៀង ហុងគ័ង (Nguyen Hong Quan) បោះបង់ការប្រកួត,
ទី៦. កីឡាករ ឡៅ ចន្ទ្រា ឈ្នះលើប្រភេទទម្ងន់៧៥គ.ក្រ ជាមួយកីឡាករវៀតណាម ង្វៀង ថាញ់តុង (Nguyen Thanh Tung),
ទី៧. កីឡាករ រុំ សំណាង ឈ្នះលើប្រភេទទម្ងន់៨១គ.ក្រ ជាមួយកីឡាករមីយ៉ាន់ម៉ា ទន់ ទន់មីន (Tun Tunmin)។ ចំណែកមេដាយប្រាក់បានទៅលើ កីឡាការិនី ទួន ស្រីភីន ប្រកួតចាញ់ក្នុងប្រភេទទម្ងន់៥៧គ.ក្រ ជាមួយកីឡាការិនីវៀតណាម ប៊ីវ យ៉េនលី (Bui Yenly) និងកីឡាការិនី មើយ ស៊ឹង ប្រកួតចាញ់ក្នុងប្រភេទទម្ងន់៥១គ.ក្រ ជាមួយកីឡាការិនីវៀតណាម ទ្រីវ ធីភឿងធុយ (Trieu Thi Phoung Thuy)៕

អត្ថបទដែលជាប់ទាក់ទង