វៀតណាមថាមិនអាចមើលស្រាលកម្ពុជាទេ ទោះកាលនៅទឹកដីខ្លួនធ្លាប់លត់ ៧-០ ក៏ដោយ
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម កីឡាការិនី ហ៊ឺញ ញើ Huynh Nhu និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ឧសភាថា ក្រុមរបស់ខ្លួនមិនអាចមើលស្រាលកម្ពុជាបានទេ បើទោះបីជា នៅពេលជួបគ្នាលើកចុងក្រោយ ក្រុមនារីវៀតណាមលត់ ក្រុមកម្ពុជាក្នុងលទ្ធផលយ៉ាងចាស់ដៃក៏ដោយ…។
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមក្រុមនារីវៀតណាម នាវគ្គ៤ ក្រុមចុងក្រោយ នៅល្ងាចនេះ វេលាម៉ោង១៩:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រោយដឹងថា ក្រុមទាំងពីរនឹងឡើងមកជួបគ្នានៅវគ្គខ្វែង ទាំងគ្រូបង្វឹក និងប្រធានក្រុមនារីវៀតណាម សុទ្ធតែបានថ្លែងការកោតសសើរលើក្រុមនារីកម្ពុជា។
ដោយថ្លែងក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួតតាមពូល កាលពីថ្ងៃទី០៩ឧសភា គ្រូបង្វឹកវៀតណាមនិយាយថា៖
«បាលទាត់នារីកម្ពុជា ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ត្រឹមតែរយៈពេលខ្លីសោះ»
ដោយឡែក ម្ចាស់អាវលេខ៩ ដែលជាប្រធានក្រុមនារីវៀតណាមវិញ បានអះអាងដែថា៖
«ពីមុនយើងឈ្នះកម្ពុជាបានច្រើនគ្រាប់មែន ប៉ុន្តែពេលនេះយើងមិនអាចមើលស្រាលពួកគេបានទេ ពួកគេលេងបានល្អណាស់»
គួររំឭកថា ក្នុងជំនួបលើកចុងក្រោយបំផុតរវាងក្រុមបាល់ទាត់នារីក្រោម២២ឆ្នាំទាំងពីរ គឺក្រុមវៀតណាមបានយកឈ្នះកម្ពុជា ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៧ទល់និងសូន្យ កាលពីខែឧសភា ឆ្នាំ២០២២ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១។