ស្តេចប្រដាល់ភូមា ដេវ លីឌុច ដង្ហោយហៅ ព្រំ សំណាង ម្តងទៀតក្រោយផ្តួល ទន់ ទន់មីន នៅស៊ីហ្គេម

កីឡាករស្តេចប្រដាល់ភូមា ដេវ លីឌុច បានសម្តែងការអបអរដល់ជ័យជម្នះរបស់កីឡាករ ព្រំ សំណាង ដែលអាចយកឈ្នះជើងខ្លាំងភូមា កីឡាករ ទន់ ទន់មីន ដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ ទន្ទឹមនិងនោះ ដេវ លីឌុច បានឆ្លៀតឌឺដងឱ្យ ព្រំ សំណាងផងដែរ ជុំវិញនៃឱកាសប្រកួតគ្នានាពេលខាងមុខ…។

កាលពីយប់ថ្ងៃទី១១ ឧសភាម្សិលមិញ កីឡាករស្តេចប្រដាល់ភូមា ដេវ លីឌុច បានបង្ហោះសារអបអរដល់កីឡាករ ព្រំ សំណាង យ៉ាងដូច្នេះថា៖

«អបអរសាទរ ព្រំ សំណាង ដែលឈ្នះមេដាយមាសនៅស៊ីហ្គេម។ កម្លាំងរបស់ ទន់ ទន់មីន គឺស្នៀតកណ្តាប់ដៃ និងវាយក្បាលយ៉ាងរឹងមាំ ដែលជាស្នៀត ឡេតវេយ៍ Lethwei។ កណ្តាប់ដៃរបស់គេមានគ្រោះថ្នាក់ខ្លាំង ហើយវាយក្បាលក៏ខ្លាំងដែរ ព្រោះខ្ញុំវាយជាមួយគាត់៣ដងហើយ។ ទោះយ៉ាងណា ជាមួយនឹងការប្រកួតដែលមានពាក់ស្រោមដៃធំ និងមួកសុវត្ថិភាព គាត់មិនអាចធ្វើអ្វីបានច្រើនទេ ប៉ុន្តែខ្ញុំអាចធ្វើបាន! មីយ៉ាន់ម៉ា និងកម្ពុជា តែងតែមានទំនាក់ទំនងល្អជាមួយគ្នា។ ខ្ញុំរីករាយក្នុងការបន្តការគោរព និងភាតរភាពរវាងប្រទេសទាំងពីរ នៅពេលដែលយើងជួបគ្នានៅលើសង្វៀន។ សូមអបអរសាទរម្ដងទៀត អ្នកគឺជាបងប្រុសអ្នកប្រយុទ្ធដ៏ជំនាញ»

ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបពីកីឡាករ ព្រំ សំណាង ម្ចាស់មេដាយមាសស៊ីហ្គេមថ្មីៗនេះនៅឡើយទេ ប៉ុន្តែកីឡាករ ព្រំ សំណាង ធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា រូបគេមិនខ្លាចក្នុងការប្រយុទ្ធជាមួយកីឡាករជើងខ្លាំងនោះឡើយ ប៉ុន្តែអ្វីដែលជើងខ្លាំងកម្ពុជារូបនេះ មិនយល់ស្របនោះ គឺបញ្ហាតម្លៃខ្លួនកីឡាករ ដេវ លីឌុច និងរូបគេ មានគម្លាតខុសគ្នាឆ្ងាយពេក ដែលម្ចាស់មេដាយមាសរូបនេះ មិនអាចទទួលយកបាន។ ដូច្នេះ បើមានការផ្គូផ្គងណាមួយដែលមានតម្លៃខ្លួនប្រហាក់ប្រហែលគ្នានោះ ការប្រកួតអាចនឹងកើតមានឡើងមិនខាន..៕

អត្ថបទដែលជាប់ទាក់ទង