ទស្សនៈជុំវិញវត្តមានដ៏អាថ៍កំបាំងរបស់ក្រុម ប៊ួខាវ លើទឹកដីកម្ពុជាថ្ងៃនេះ

កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣ ពីរថ្ងៃកន្លងទៅនេះ ប៊ួខាវ និង ក្រុមកីឡាករ ឃីកបុកសីង បានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង និងប្រព័ន្ធផ្សព្វផ្សាយក៏បានបន្តព្រោងព្រាត់ ថាលោកកំពុងត្រៀមឡើងយន្តហោះ មកកាន់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ប៉ុន្តែមិនដល់ ១ម៉ោងក្រោយ នាថ្ងៃដដែលនោះ ក៏មានព័ត៌មានថ្មីថា លោកសម្រេចចិត្តមិនមកចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ក្រោមហេតុផលមួយចំនួន។

ស្រាប់តែនៅថ្ងៃទី១២នេះ ផេកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា បានជូនដំណឹងអំពីវត្តមានរបស់ស្តេចប្រដាល់ថៃ ប៊ួខាវ និងក្រុមកីឡាករ Kick Boxing បានមកដល់ទឹកដីរបស់កម្ពុជាហើយ ដែលត្រូវចូលរួមប្រកួតចាប់ផ្តើមប្រកួតពីថ្ងៃស្អែក ទី១៣ ឧសភា តទៅ សម្រាប់វិញ្ញាសា ក្បាច់គុន Kick Boxing នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែការជូនដំណឹងរបស់ក្រសួងការពារជាតិ ក៏មិនបានបង្ហាញរូបថ្មី របស់ក្រុមប៊ួខាវដែរ ដូច្នេះវត្តមានរបស់ក្រុមគេ ពិតជាពិសេស និងអាថ៍កំបាំងជាងក្រុមអត្តពលិកនៃប្រទេសដទៃទៀតផងដែរ។

តើហេតុផលមួយចំនួនរបស់ស្តេចប្រដាល់ប៊ួខាវ មានអ្វីខ្លះ? ទើបរឿងនេះ នៅតែរក្សានូវមន្ទិលសៅហ្មងមកដល់ថ្ងៃនេះ ព្រមទាំងវត្តមានមកដល់កម្ពុជាទាំងអាថ៍កំបាំងថែមទៀត?

យោងតាមរឿងចាស់កន្លងមក កីឡាកររូបនេះ ធ្លាប់មានបញ្ហាចម្រោងចម្រាសគ្នា ជាមួយអ្នកគាំទ្រកម្ពុជា ព្រោះតែការមិនទទួលស្គាល់ថា ខ្លួនជាខ្មែរ និងបានបញ្ជាក់ថា លោកគឺជាជនជាតិ គួយ និងមានឈ្មោះដើមថា សម្បត្តិថែមទៀតផង។ អ្វីដែលធ្វើអោយផ្ទុះការមិនពេញចិត្តកាន់តែខ្លាំង គឺអ្នកប្រដាល់ល្បិចកល្បច្រើនរូបនេះ បានឌឺដង និងប្រៀបធៀប​ផ្លែផ្កាមកអ្នកគាំទ្រខ្មែរ អំពីរឿងក្បាច់គុន មួយថៃ និងគុនខ្មែរ ដោយមានកាយវិការមិនសូវសមរម្យថែមទៀត។

ដោយមូលហេតុខាងលើនេះ ទស្សនផ្ទាល់ខ្លួនរបស់អ្នកសរសេរ សម្រាប់ការបង្ហាញខ្លួនរបស់ប៊ួខាវលើកនេះ យល់ថា គ្មានអ្វីក្រៅពីខ្លាចអ្នកគាំទ្រខ្មែរ ស្វាគមន៍ក្រុមលោក ដូចការបោះសម្តីនៅលើហ្វេសប៊ុកនោះទេ ប៉ុន្តែបើសិនជាក្រុមរបស់គាត់មានគំនិតបែបនោះមែន ដូច្នេះសរបញ្ជាក់ថា អ្នកប្រដាល់រូបនេះ ហាក់មិនទុកចិត្តលើម្ចាស់ផ្ទះនោះទេ បានន័យថា លោកខ្លាចពេកហើយ បារម្ភជ្រុលពេកហើយ ឬមានភាពស្រដៀងទៅ សឺមាអ៊ី ក្នុងរឿងបុរាណចិន ក្នុងឈុតពេលដែលជូកឺលៀង បំភ័យអោយបាក់ស្បាតដូច្នេះដែរ។

សម្រាប់ខ្ញុំអ្នកសរសេរអត្ថបទនេះ និងក្នុងនាមជាប្រជាជនខ្មែរមួយរូប ជឿថា ប្រជាជនកម្ពុជាដទៃទៀត ក៏មានចិត្តគំនិតដូចគ្នាដែរ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំនៅព្រឹត្តិការណ៍ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ដែលជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិខ្ញុំ ពួកយើងមិនធ្វើរឿងអត់ប្រយោជន៍ទៅដល់ក្រុមរបស់ភ្ញៀវមកលេងផ្ទះនោះទេ ម្យ៉ាងវិញទៀត ប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពសម្រាប់ភ្ញៀវ កីឡាករ ប្រតិភូកីឡា ដែលមកពីបណ្តាប្រទេសអាស៊ាន មិនមែនតែប្រទេសថៃនោះទេ គឺមានសុវត្ថិភាពខ្ពស់បំផុត ទោះជាមានអ្នកមានគំនិតបែបនោះ ចំពោះក្រុមលោកប៊ួខាវ សួរថា តើបានតម្លៃអ្វីតបទៅសម្រាប់ទង្វើរបស់គេ?

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិបានបញ្ជាក់ហើយថា «ការមកដល់របស់! ប៊ួខាវ រួមដំណើរជាមួយក្រុមកីឡា ឃីកបុកស៊ីង របស់គេធ្វើដំណើរមកកម្ពុជានាថ្ងៃនេះដែរ សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភា តទៅ ។ សំណូមពរដល់បងប្អូនយើង សូមរក្សាភាពថ្លៃថ្នូរ និងសុជីវធម៌របស់យើង កុំប្រមាថលើបុគ្គលណាម្នាក់ ក្នុងនាមយើងជាម្ចាស់ផ្ទះ» តាមរយៈការផ្សាយលើផេកក្រសួងការពារជាតិផ្ទាល់ នាថ្ងៃទី១២ ខែឧសភានេះ សង្ឃឹមបងប្អូន ចូលរួមសហការអោយបានល្អបំផុត សូមចាំជាក់ថា «កីឡារស់ក្នុងសន្តិភាព» ជាពាក្យស្លោកសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង