ស៊ីហ្គេមនៅកម្ពុជាល្បីរន្ទឺសុះសាយមិនអាចខ្វះវត្តមានចូលរួមពីបណ្តាអ្នកសារព័ត៌មានបានឡើយ
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា ស៊ីហ្គេម ត្រូវបានរៀបចំឡើងលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីបណ្តាប្រទេសអាសានទាំង១១ និងបានចាប់ផ្តើមតាំងពីថ្ងៃទី៥ ខែឧសភា រហូតមកដល់ពេលនេះ និងនៅតែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់ ហើយ ដោយទទួលបានការគាំទ្រខ្លាំង និងល្បីរន្ទឺសុសសាយទៅកាន់ពិភពលោកផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា « អ្វីៗទាំងអស់ដែលបានឮរន្ទឺសុសសាយទាំងអស់នេះ មិនអាចកាត់ផ្ដាច់បានចេញពីការខិតខំ ការធ្វើការឃោសនា ការយកព័ត៌មានរបស់អ្នកយកព័ត៌មាន និងអ្នកផ្សព្សផ្សាយបានទេ ហើយមិនអាចមើលរំលង មិនអាចកាត់ផ្ដាច់ពីការខិតខំប្រឹងប្រែងរបស់គណៈកម្មការព័ត៌មានបាននោះទេ បើគ្មានការផ្សព្វផ្សាយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏គ្មាននរណាដឹងដែរ នេះជាបញ្ហាជាក់ស្ដែង ដែលខ្ញុំសូមកោតសរសើរ និងសូមអរគុណអ្នកទាំងអស់គ្នា»។
នាពិធីជួបជុំអ្នកសារព័ត៌មាននោះដែរ ឯកឧត្តមក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមប្រព្រឹត្តិទៅដោយរលូននិងត្រឹមត្រូវតាមស្ដង់ដារស៊ីហ្គេម ស្តង់ដារតំបន់ និងស្ដង់ដារអូឡាំពិក។ ការណ៍នេះលោកថា កម្ពុជាទទួលបានការកោតសរសើរពីមិត្តភក្តិបរទេសថា ព្រឹត្តិការណ៍កីឡានៅកម្ពុជាឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់ ស្របទៅនឹងការឃោសនារបស់យើងគឺ «កីឡាមិនមែនត្រឹមតែការប្រកួតយកមេដាយប៉ុណ្ណោះទេ»។
គួររម្លឹកផងដែរថា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២រូបនេះ បានលើកទឹកចិត្ត និងធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឺងប្រែង ចូលរួមផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការល្បីរន្ទឺសុសសាយទៅកាន់ពិភពលោកផងដែរ៕